អភិបាលខេត្ត មន្រ្តីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋសិស្សានុសិស្សចូលរួមពិធីមាឃបូជា ក្នុងវត្តឥន្ទ្រី យ៍សំវរៈ ហៅវត្ត កំពង់ធំ

18

(រដ្ឋបាលខេត្តកំពង់ធំ ៖ នាល្ងាច ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រះទេពសត្ថា សៀង សុខ ព្រះរាជា គណៈថ្នាក់ចត្វា និង ជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងជាព្រះ​គ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើននាក់ បានចូលពិធីមាឃបូជា ក្នុងវត្តកំពង់ធំ ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងដោយមោទនភាពថា ដោយសារតែ​ប្រទេស​ជាតិ​មានសុខសន្តិភាព មានសេរីភាពពេញលេញ ទើបការគោរពសាសនា ត្រូវបានរាជរដ្ឋាភិបាល បើកទូលាយ​ចំពោះសិទ្ធិ នៃការគោរពសាសនា។ មិនតែប៉ុណ្ណោះមួយរយៈចុងក្រោយនេះ តាមបណ្តាវត្តអារាមក្នុងខេត្ត មាន​ការរីក​ចម្រើនយ៉ាងខ្លាំងវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនារបស់ប្រទេសកម្ពុជាយើង ដែលប្រជា​ពលរដ្ឋខ្មែរ​ភាគច្រើនគោរព និងមានជំនឿ។

ឯកឧត្តមអភិបាលខេត្តបន្តថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រទេសកម្ពុជាទាំងមូលគ្មានជម្លោះសាសនាឡើយ មិនតែប៉ុណ្ណោះ​សាសនា​ទាំងអស់​ចេះ​សាមគ្គីគ្នា ស្រឡាញ់គ្នា និងគោរពគ្នា មិនប្រកាន់សាសនាអ្វីនោះឡើយ នេះដោយសារតែរាជរដ្ឋាភិបាល បើកសិទ្ធិសេរីពេញលេញចំពោះវិស័យសាសនា ដែលជាសាសនារបស់រដ្ឋ ចង់ទាក់ទាញ​ទៅដល់បងប្អូន​ប្រជា​ពលរដ្ឋរួម​ទាំងព្រះសង្ឃទាំងអស់ សូមរក្សាគម្លាតសុវត្ថិភាពនិងរក្សាអនាម័យឱ្យបានជាប់ជានិច្ចដើម្បីជៀសវាង​នូវការ​ឆ្លងជំងឺកូវីដ ១៩។

សូមរំលឹកថា ឲ្យតែដល់ថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ម្ដងៗ ពុទ្ធសាសនិក ដែលកាន់ព្រះពុទ្ធ​សាសនា​តែងតែនាំគ្នា ប្រារព្ធពិធីដ៏ធំមួយគឺហៅថាបុណ្យ «មាឃបូជា»។ ពិធីនេះគឺជាឱកាសឲ្យពុទ្ធសាសនិក​រំឭកដល់​ព្រឹត្តិការណ៍សំខាន់មួយចំនួន ដែលបានកើតឡើងនៅក្នុងសម័យពុទ្ធកាល។ ពិធីបុណ្យមាឃបូជា ជាទូទៅ​ត្រូវពុទ្ធបរិស័ទ ឬអ្នកកាន់ព្រះពុទ្ធសាសនាប្រារព្ធធ្វើនៅតាមវត្តអារាម ឬមួយធ្វើនៅឯព្រះសក្យមុនីចេតិយ ជាទីតម្កល់​ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធតែម្តង។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈហៅវត្តកំពង់ធំ មានសង្ឃដីការ​បញ្ជាក់ថា ថ្ងៃមាឃបូជា គឺជាព្រឹត្តិការណ៍​សំខាន់មួយ ក្នុងព្រះពុទ្ធសាសនា ឬកាលដ៏អស្ចារ្យមួយដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ កាលពីទ្រង់​នៅមានព្រះជន្មាយុនៅឡើយ។ ថ្ងៃមាឃបូជា គឺរំឭកទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់​អាយុសង្ខារ៖ «ជាព្រឹត្តិការណ៍ដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារបានន័យថា កំណត់ពេលបរិនិព្វាន នៅពេលដែលមារ​បានទៅអារាធនាព្រះអង្គក៏បានទទួលយល់ព្រមជាមួយនឹងមារអ៊ីចឹងនៅ ៣ខែទៀតតថាគត​នឹង​បរិនិព្វាន»។

ព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ បន្ថែមថាថ្ងៃមាឃបូជាក៏ជាថ្ងៃរំលឹកទៅដល់ពេលដែលព្រះពុទ្ធអង្គ សម្ដែង​នូវ​ឱវាទបាតិមោក្ខប្រទានដល់ព្រះភិក្ខុសង្ឃជាអរហន្តទាំង ១២៥០អង្គ ដែលបានមកចូលរួមចតុរង្គ​សន្និបាត៖ «កាលនោះព្រះអង្គទ្រង់សម្ដែងឱវាទបាតិមោក្ខ ព្រោះតែកាលណាគ្រាន់តែព្រះអង្គនឹងឃើញថា ចង់សម្ដែង​បាតិ​មោក្ខ គឺចង់ជួបនឹងពួកភិក្ខុ ពេលនោះព្រះអរហន្តទាំង ១២៥០អង្គ សុទ្ធតែជាព្រះអរហន្ត​លោកនិមន្ត​មកដោយ​ពុំមាន​អ្នកនិមន្តទេ បានន័យថា បានមកដល់ភ្លាម»៕