អភិបាលរងខេត្តកំពង់ធំ ចូលរួមសម្ពោធសមិទ្ធផលក្នុងវត្តបឹងជាឬស្សី ហៅវត្តព្រែក ដែលសាងសង់អស់ទឹកប្រាក់ជិត ៤ម៉ឺនដុល្លារ និង ប្រាក់រៀលជាង ២០០លានរៀល

292

នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វត្តបឹងជាឬស្សី ហៅវត្តព្រែក បានរៀបចំកម្មវិធីបុណ្យឆ្លងសមិទ្ធិផលនានា ក្រោមអធិបតីភាពឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ព្រះទេពសត្ថាព្រះរាជាគណៈថ្នាក់ចត្វា សៀង សុខ ព្រះមេគណខេត្តកំពង់ធំ ពុទ្ធបរិស័ទ្ធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ដែលមានទីតំាងនៅភូមិព្រែក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកប្រាសាទសំបូរ បានថ្លែងសន្តរកថាស្វាគមន៍គណៈអធិបតី និងគណៈប្រតិភូ និងរៀបរាប់អំពីប្រវត្តិនៃការកសាងវត្តបឹងជាឬស្សី ហៅវត្តព្រែក ចាប់ផ្តើមកសាងឡើងនៅឆ្នាំ១៨៨៦ ដោយព្រះចៅអធិការវត្តព្រះនាម សូ ដែលមានអាយុកាលជាង ២០០ឆ្នាំមកហើយ។ បច្ចុប្បន្ននេះ វត្តព្រែក បានកសាងសមិទ្ធិផលមួយចំនួនធំ ក្នុងនោះមាន កុដិថ្ម ក្លោងទ្វា របង ចាក់ដីបន្ថែម ដងទង់ បង្គោលភ្លើង រោងព្រះម៉ែ រោងបារមី បន្ទប់ទឹកជាដើម ត្រូវចំណាយថវិកា ៣៧,០០០ដុល្លារ និង ២១៣,១៦០,០០០រៀល ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។

ឯកឧត្តម ញឹក បានខេង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកយាយ លោកតា ប្រជាពលរដ្ឋនៅអង្គពិធីទំាងអស់ និងថ្លែងកោតសរសើរដល់ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា ជួយសាងសង់សមិទ្ធិផលជាច្រើនក្នុងវត្តនេះ ដែលជាវត្តបូរាណមួយ ក្នុងចំណោមវត្តជាច្រើនទៀត។ ឯកឧត្តមបន្ថែមទៀតថា សារៈសំខាន់នៃសុខសន្តិភាព ដែលមានតម្លៃធំធេង និងជាមូលដ្ឋានគ្រឹះសម្រាប់កសាងវិស័យ សាសនា និងអភិវឌ្ឍន៍ប្រទេសឡើងវិញ ដែលបានផ្តល់ឱកាសបន្តអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ មិនតែប៉ុណ្ណោះ នៅតាមមូលដ្ឋាន មានផ្លូវលំខ្វាត់ខ្វែង សាលារៀន មណ្ឌលសុខភាព អគ្គិសនី វត្តអារាម ដែលមានព្រះសង្ឃរាប់ម៉ឺនអង្គទៀតផង។

នៅក្នុងឱកាសនោះឯកឧត្តម បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទំាងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទំាងអស់ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងបានចូលរួមបច្ច័យកសាងមួយចំនួន ព្រមទាំងបំពាក់មេដៃស្ថាបនាជាតិដល់ព្រះសង្ឃ លោកតា លោកយាយ ចំនួន ៧នាក់។ លើសពីនេះ ឯកឧត្តម និងសហការីបានអញ្ជើញចុះសាកសួរសុខទុកគ្រួសារលោក ហម ចាន់ អាយុ ៤៥ឆ្នាំ និងលោកស្រី ហឹម ឃាង អាយុ ៤៣ឆ្នាំ មានកូនក្នុងបន្ទុកចំនួន ៥នាក់ រស់នៅភូមិព្រែក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានជីវភាពទីទ័លក្រលំបាក និងបាននាំយករបស់កំដរដៃមាន ក្រម៉ា អាវ និងថវិកាមួយចំនួនផង ក្នុងនោះឯកឧត្តម និងក្រុមការងារ បានសន្យាជួយសាងសង់ផ្ទះមួយខ្នងជួនដល់ពួកគាត់នៅក្នុងពេលឆាប់ៗនេះផងដែរ៕