អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេសខ្លឹមសារ និងព័ត៌មាន ក្នុងពិធីប្រណាំងទូក និងបណ្តែតប្រទីប ដែលមានរយៈពេល២ថ្ងៃ នៅតាមដងស្ទឹងសែន

137

អាជ្ញាធរខេត្តកំពង់ធំនឹងរៀបចំពិធីប្រណាំងទូក និងបណ្តែតប្រទីប ដែលមានរយៈពេល២ថ្ងៃ នៅតាមដងស្ទឹងសែន នៅថ្ងៃទី០៧-០៨ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ក្នុងគោលបំណង បង្កភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំក្រុមបច្ចេកទេសខ្លឹមសារ និងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តម ញ៉ឹក បានខេង មានប្រសាសន៍ដោយលើកឡើងថា ដើម្បីឲ្យមានភាពសប្បាយរីករាយ មានភាពអ៊ូអរ និងអធិកអធមក្នុងពិធីនេះ ក្នុងនាមយើងជាអនុគណៈកម្មការរៀបចំកម្មវិធី ត្រូវត្រៀមខ្លួនធ្វើការនេះ ដោយមានការយកចិត្តទុកដាក់ និងទួលខុសត្រូវខ្ពស់ ត្រូវអនុវត្តការងារទៅតាម បំណែងចែកក្រុមការងារបច្ចេកទេស ខ្លឹមសារ និងព័ត៌មាន របស់រដ្ឋបាលខេត្ត ជាបួនក្រុមរួមមាន៖ ១). ក្រុមរៀបចំខ្លឹមសារ និងទទួលការងាររួម ២). ក្រុមរៀបចំវេទិកា តុ កៅអី បដា និងទង់ជ្វាលា ៣). ក្រុមទទួលភ្ញៀវ និងភេសជ្ជៈ ៤). ក្រុមការងារសារព័ត៌មាន និងរៀបចំឧបករណ៍បំពងសម្លេង។ ជាចុងក្រោយឯកឧត្តមសូមផ្តាំផ្ញើដល់លោក លោកស្រី ត្រូវសហការគ្នា ក្នុងការរៀបចំពិធីនេះ ឲ្យដំណើរការទៅដោយជោគជ័យ។

សូមបញ្ជាក់ថាៈ ១). នៅរាត្រីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ ម៉ោង៧:០០នាទី បណ្តែតប្រទីបតាមដងស្ទឹងសែន ត្រង់ចំណុចសួនកំពង់ក្របៅ និងបន្តដោយការបាញ់កាំជ្រួចអបអរសាទរនៅម៉ោង៧:៣០នាទី។ ២). រាត្រីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៧:៣០នាទី មានបាញ់កាំជ្រួចអបអរសាទរបិទពិធីបុណ្យអុំទូក៕