អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត

111

ឯកឧត្តម គង់ វិមាន មានប្រសាសន៍សង្កត់ធ្ងន់ទៅលើបញ្ហាសំរាម នៅក្នុងក្រុងស្ទឹងសែន ដែលកំពុងតែត្រូវបានក្រុមអាជីវករ ចាក់សំរាម ធុំក្លិនមិនល្អ ដែលធ្វើឲ្យប៉ះពាល់ដល់បញ្ហាសុខភាព ហើយអាជីវករមួយចំនួនលក់ដូរនៅតាមដងផ្លូវ ធ្វើឲ្យមន្ទីរ អង្គភាពមួយចំនួន បាត់បង់នូវសោភ័ណ្ឌភាព។

ក្នុងនោះឯកឧត្តម បានស្នើឲ្យអាជ្ញាធរក្រុង ស្រុក ជំរុញមន្ត្រីគាំទ្រអនុវត្តផែនការឲ្យបានឆាប់រហ័ស ជាពិសេសនៅក្នុងឃុំសង្កាត់ទំាង ៨១ និងបន្តយកចិត្តទុកដាក់ មានវិធានការឲ្យបានល្អ បញ្ហាបរិស្ថាន និងសំរាម ភូមិ-ឃុំ មានសុវត្តិភាព សណ្តាប់ធ្នាប់ចរាចរណ៍ បញ្ហាដីជម្រកសត្វខ្សឹប ការធ្វើសៀវភៅគ្រួសារ និងអត្តសញាណប័ណ្ណ បញ្ហាការរុករានព្រៃឈើ និងព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន ជលផល និងបញ្ហាអគ្គីសនី ប្រសាសន៍នេះ ត្រូវបានលើកឡើង ក្នុងពិធីប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៧ ។

កិច្ចប្រជុំកែសម្រួលបច្ចេកទេស របស់ជំនាញ និងអាជ្ញាធរ ដែលតម្រូវអោយអនុវត្តន៍តាមក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងមានការចូលរួមពី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក ដើម្បីចូលរួមពិភាក្សារកចំនុចខ្លាំង និងចំនុចខ្សោយ ក្នុងការចាត់វិធានការកែសម្រួល ដោះស្រាយនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់។

បន្ទាប់ពីមានការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ពាក់ព័ន្ឋនឹងបញ្ហានីមួយៗ ដែលបានកើតឡើង នៅក្នុងភូមិសាស្រ្ត មូលដ្ឋានរបស់ខ្លួន ឯកឧត្តម បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំយកចិត្តទុកដាក់ របស់មន្រ្តី សមត្ថកិច្ចជំនាញ ក្នុងការចូលរួមកែលំអរសោភ័ណភាព នៅតាមបណ្តាក្រុង ស្រុក និងសំណូមពរឲ្យមន្រ្តីជំនាញទាំងអស់អនុវត្ត និងដោះស្រាយបញ្ហា ឲ្យបានទាន់ពេលវេលា នៅចំនុចបញ្ហានានា ដែលប្រឈម ដើម្បីដោះស្រាយ ជូនប្រជាពលរដ្ឋ។