អាជ្ញាធរខេត្តកំពង់ធំខេត្ត បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅតាមផ្ទះមួយចំនួន និងនៅផ្សារស្ទោង មុននឹងបើកដំណើរការលក់ដូរឡើងវិញ នៅថ្ងៃស្អែកនេះ

38

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ចុះ​ពិនិត្យ​ការបាញ់ថ្នាំសំលាប់មេរោគនៅផ្សារស្ទោង មុននឹងការបើកដំណើរការលក់ដូរឡើងវិញនៅថ្ងៃស្អែក និង​បន្ត​បាញ់​ថ្នាំតាមផ្ទះមួយចំនួននៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំ ដើម្បីការពារ​ទប់ស្កាត់​ការ​រីករាលដាលជម្ងឺកូវីដ-១៩។

ថ្លែងនៅក្នុងដំណើរការចុះត្រួតពិនិត្យនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍​លើក​ឡើងថា បន្ទាប់ពីមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង កាលពីថ្ងៃទី២៨ ខែមេសាកន្លងមក រដ្ឋបាលខេត្តកំពង់ធំបានសម្រេចបិទទីតាំងដែលមានការផ្ទុះនូវជំងឺកូវីដ១៩ នេះជាបណ្ដោះអាសន្ន ដោយបានបង្កើតគណៈកម្មកាភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅតំបន់នេះដោយ​ហ្មត់ចត់​បំផុត ហើយក្រុមការបានប្រមូលបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយ​នឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ យកមកដាក់នៅមណ្ឌលចត្តាឡីស័ក និងយកសំណាកដើម្បីវិភាគរកជំងឺកូវីដ១៩ ជា​បន្ត​បន្ទាប់ ហើយរហូតមកដល់ពេលនេះស្ថានការណ៍នៅក្នុងស្រុកស្ទោងគឺយើងអាចគ្រប់គ្រងបាន។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋាន កង​កម្លាំង​ចម្រុះ ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងក្រុមការងារទាំងអស់ ដែលបានខិតខំកំពុងបំពេញ​បេសកកម្ម​ទាំងយប់ទាំងថ្ងៃ ហើយគ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ ដើម្បីក្តីសុខរបស់ប្រជា​ពលរដ្ឋ​យើង។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីបើក​ដំណើរ​​ការផ្សារស្ទោងឱ្យលក់ដូរឡើងវិញ សូមរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវគោរពតាមវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តឲ្យ​បាន​ខ្ជាប់ខ្ជួនដែលជាវិធានការមួយដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងសម័យកូវីដ១៩នេះ។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងបានគាំទ្រនូវចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ក្រោម​ការ​ចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរីករាលដាល​ជំងឺ​កូវីដ១៩​នៅក្នុងស្រុកស្ទោងនេះបានឆាប់រហ័សនិងទាន់ពេលវេលា។