អាជ្ញាធរខេត្តកំពង់ធំ ប្រជុំរៀបចំផែនការការពារសុវត្ថិភាពពិធីបុណ្យអុំទូក ក្នុងខែតុលា ខាងមុខនេះ

188

ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យអំទូកនាពេលខាងមុខនេះ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានបើកកិច្ចប្រជុំពិភាក្សាផែនការណែនាំ ស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ និងពិធីបុណ្យអុំទូកនៅក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដើម្បីរៀបចំផែនការការពារសុវត្ថិភាពពិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ នាថ្ងៃទី០៥-០៦ ខែតុលា ឆ្នាំ២០១៧ នៅពេលខាងមុខនេះ។

ព្រមជាមួយគ្នានេះ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក គឺជាព្រះរាជពិធីបុណ្យ ដ៏ធំមួយនៅ ក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំ ឬបុណ្យភ្ជំបិណ្ឌជាដើម ពិធីនេះត្រូវបានធ្វើឡើងនៅខេត្តកំពង់ធំ នៅថ្ងៃទី០៥-០៦ ខែតុលា ឆ្នាំ២០១៧ នៅតាមដងស្ទឹងសែន។

ក្នុងឱកាស នៃការប្រារព្ធពិធីនេះ អាជ្ញាធរខេត្ត បានរៀបចំលំអរសោភ័ណភាព នៅតាមសួនច្បារសាធារណៈនីមួយៗ មានដើមឈើ ដើមផ្កា អមដោយអំពូលភ្លើងនៅពេលរាត្រី ដោយមានការប្រគំតន្រ្តី បាញ់កាំជ្រួច បណ្តែតប្រទីបផងដែរ ដែលញ៉ាំងឲ្យពិធីនេះមានភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្ថែមទៀតថា អនុគណៈកម្មការទំាងអស់ ត្រូវទទួលខុសត្រូវនូវភារកិច្ចរបស់ខ្លួន ឲ្យបានច្បាស់លាស់ ដោយរៀបចំកែលម្អទីតាំងលក់ដូរមួយចំនួន តាមមាត់ស្ទឹងសែន ដែលប៉ះពាល់បរិស្ថានតាមដងស្ទឹងសែន និងការពារសន្តិសុខ សណ្តាប់ធ្នាប់ចរាចរ កុំឲ្យមានការកកស្ទះដល់ការធ្វើដំណើរថ្មើជើងរបស់បងប្អូន ជាពិសេសត្រូវដាក់ធុងសំរាមឲ្យបានច្រើនកន្លែងផងដែរ។ ជាចុងក្រោយឯកឧត្តម បានស្នើឲ្យគ្រប់ក្រុង-ស្រុកទំាងអស់ ត្រូវរៀបចំបញ្ជីឈ្មោះទូក និងឈ្មោះកីឡាករ ផ្ញើមករដ្ឋបាលខេត្ត ឲ្យបានមុនថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ជាកំណត់៕