ឯកឧត្ដមបណ្ឌិត ថោង ខុន ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តកំពង់ធំ និងរដ្ឋបាលខេត្តបញ្ចប់បញ្ហាជូន​ពលរដ្ឋឲ្យបានឆាប់ ជាពិសេសមុនការ​បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២

51

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក៏ដូចជារដ្ឋបាលខេត្តកំពង់ធំ ត្រូវចូល​រួម​សហការគ្នាដោះស្រាយបញ្ចប់បញ្ហាជូនប្រជាពលរដ្ឋដែលរួមមាន ១៥ ចំណុចសំខាន់ៗ ឱ្យបានរួចរាល់​មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ការថ្លែងជំរុញបែបនេះរបស់វឯកឧត្ដមបណ្ឌិត ថោង ខុន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផលការងារ​ប្រចាំ​ឆមាស​ទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តាមប្រព័ន្ធវីដេអូ Zoom Meeting នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម សៅ សុភាព រដ្ឋលេខា​ធិការ​ក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្ដម សុខ លូ អភិបាល​ខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងមានការចូលរួមពីសំណាក់អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងមន្រ្តីរដ្ឋបាលខេត្ត។

នាឱកាសនោះឯកឧត្ដមបណ្ឌិត ថោង ខុន បានលើកឡើងអំពីលទ្ធផលការងារ បញ្ហាប្រឈមក្តីកង្វល់ និងសំណូមពរ​នានា​ដែលកើតមានឡើងនៅខេត្តកំពង់ធំ ដែលក្រុមការងារទាំងអស់គ្នាមានវត្តមានក្នុងកិច្ចប្រជុំនេះ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួម​គ្នា​ទទួលខុសត្រូវ។

ដើម្បីសម្រេចជោគជ័យជូនរាជរដ្ឋាភិបាលក្នុងការគាំទ្រ តាមដាន និងត្រួតពិនិត្យការ​អនុវត្តកម្មវិធីនយោបាយ និង​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅខេត្តកំពង់ធំ និងឈានទៅសម្រេច​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នាពេលខាងមុខ ឯកឧត្ដមបណ្ឌិត ថោង ខុន បានដាក់ការងារសំខាន់ៗ ១៥ ចំណុចធំៗ ក្រុមការងារ​រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ធំ ត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗក្នុងឆមាសទី២ ឆ្នាំ២០២១ ដូចខាង​ក្រោម៖

ទី១៖ជំរុញការផ្សព្វផ្សាយ និងអនុវត្តសារាចរលេខ ០៤ សរ ចុះថ្ងទី ២៨ ខែកក្កដា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពី​ការ​ដាក់​ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។

ទី២៖បន្តអនុវត្តការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងស្រុកទាំង ៩ នៃខេត្តកំពង់ធំ។

ទី៣៖បន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងមិនឲ្យមានការឆ្លងរីករាលដាល និងធានាបាន​នូវការ​វិលត្រលប់ទៅរកប្រក្រតីភាពថ្មី (New Normal) នៃជីវភាពរស់នៅប្រចាំថ្ងៃ និងកិច្ចដំណើរការនៃវិស័យសេដ្ឋកិច្ចសង្គម។

ទី៤៖បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុកក្នុងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការ​រីករាលដាល​នៃជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង។

ទី៥៖បន្តយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដ​ល់​គ្រួសារក្រីក្រដែលមាន​សមាជិកគ្រួសារកើតជំងឺកូវីដ-១៩ (កំពុងព្យាបាល​ជំងឺ) អ្នកកំពុងធ្វើចត្តាឡីស័ក​តាមមណ្ឌល ឬតាមផ្ទះ និងអ្នកដែលបាន​ស្លាប់ដោយសារជំងឺកូវីដ១៩។

ទី៦៖បន្តជំរុញការងារកសិកម្ម និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្នុង​អំលុងពេលរដូវវស្សានេះ និងត្រៀម​លក្ខណៈ​បង្ការ​ទុក​មុន និងជួយសង្គ្រោះ​អាយុជីវិតប្រជាពលរដ្ឋ និងដំណាំស្រូវ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិជាយថាហេតុ ដូចជា ខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង ទឹកជំនន់ ឬការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋ។

ទី៧៖បន្តជំរុញការពិនិត្យ និងដោះស្រាយនូវការងារចាំបាច់ជាអាទិភាព រួមមាន៖ ការងារឆ្វៀលដីនៅតំបន់៣ តំបន់២ និងដី​តំបន់​​អភិរក្សសត្វខ្សឹប។

ទី៨៖ឈរលើគោលការណ៍ការពារផលប្រយោជន៍​ស្របច្បាប់របស់ប្រជាពលរដ្ឋ ប្រគល់ជូនលោកអភិបាលខេត្ត មន្ទីរជំនាញ និង​សមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យ និងដោះស្រាយករណីចាប់ឃាត់គ្រឿងចក្ររបស់ប្រជាពលរដ្ឋនៅស្រុកស្ទោង ស្រុកប្រាសាទ​បល្ល័ង្ក និងកន្លែងដទៃទៀត ដោយត្រូវមកប្រគល់គ្រឿងចក្រជូនប្រជាពលរដ្ឋវិញ។

ទី៩៖បន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោល​នយោបាយ​ភូមិ-ឃុំមាន​សុវត្ថិភាព។

ទី១០៖បន្តខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវ មានតម្លាភាព និងគណនេយ្យភាព​ចំពោះប្រជាពលរដ្ឋ។

ទី១១៖បន្តជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។

ទី១២៖បន្តពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋមូលដ្ឋាន។

ទី១៣៖ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេលើកទី៧ នាខែមីនា ឆ្នាំ២០២២ ខាងមុខ។ ក្នុងករណីដែល​សភាព​ការណ៍​កូវីដបានធូរស្រាល ក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលខេត្តអាចនឹងរៀបចំបានភ្លាម ដើម្បីចូលរួមបើកចរន្តសេដ្ឋកិច្ច និងសង្គមឡើងវិញ។

ទី១៤៖បន្តលុបបំបាត់អំពើអសកម្ម និងចំណុចខ្វះខាត ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពប្រជាពលរដ្ឋ។

ទី១៥៖បន្តធ្វើអំពើល្អ ដើម្បីបង្កើនភាពជឿជាក់ ទុកចិត្ត និងកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។

ឯកឧត្ដមរដ្ឋមន្ត្រីបានដាក់ទិសដៅជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងរដ្ឋបាលខេត្តបញ្ចប់បញ្ហាជូនពលរដ្ឋឱ្យ ១៥ ចំណុចនេះ ឱ្យបានរួចរាល់មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ខណៈការ​បោះឆ្នោត​នេះនៅ​សល់រយៈពេលតែប្រមាណ ១០ ខែទៀតប៉ុណ្ណោះ៕