ឯកឧត្ដម សុខ លូ៖ កងកម្លាំងទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា

56

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីបិទវគ្កហ្វឹកហ្វឺនបំប៉នយុទ្ធវិធីកងអនុសេនាតូច-កងអនុសេនាធំ(ខ.ម) ថ្មើរជើង និងយុទ្ធដំណើរទ័ព ឲ្យនាយទាហាន នាយទាហានរង និងពលទាហាន របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំណុះយោធភូមិភាគទី៤ នៅទីបញ្ជាការកងវរសេនាតូចលេខ១ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ដែលមានអ្នកចូលរួមសរុបប្រមាណ៥០០នាក់ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត បានធ្វើការអំពាវនាវដល់កងកម្លាំងទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា ព្រោះឃាដករទាំងពីរនេះ វាបានបំផ្លាញអាយុ​ជីវិត​មនុស្ស មិន​រើសមុខ ព្រមទាំងទ្រព្យសម្បត្តិ​បងប្អូន ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង។ ម៉្យាងវិញ​ទៀត ប្រសិនបើគ្រឿងញៀនវាយលុកនៅក្នុងជួរកងទ័ព នោះវានឹងផ្ដល់គ្រោះថ្នាក់យ៉ាងខ្លាំង ដល់ប្រទេសជាតិរបស់យើង។

នៅក្នុងឱកាសនេះដែរ ឯកឧត្ដមអភិបាលខេត្តក៏បានលើកឡើងដែរថា ពេលនេះប្រទេសយើងមានសុខសន្តិភាព យើងមិនត្រូវភ្លេចខ្លួនបណ្ដោយឲ្យវិស័យកងទ័ព មិនរៀបរយ មិនហ្វឹកហាត់ជំនាញបន្ថែម​នោះទេ។ ជាក់ស្ដែង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែផ្ដល់វគ្កហ្វឹកហ្វឺនដល់កងទ័ពរបស់យើងជារៀងរាល់ឆ្នាំ ធ្វើឲ្យពីមួយថ្ងៃទៅមួយថ្ងៃ កងកម្លាំងរបស់យើងកាន់តែរឹងមាំ ហើយសម្ភារៈសឹកទៀតសោធ​ កាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្ដមបានបន្តទៀតថា ប្រទេសមានសុខសន្តិភាពការហ្វឹកហាត់ដល់កងទ័ពមិនអាចចោលបានទេ យើងមិនចាំទាល់តែប្រទេសមានសង្គ្រាម បានហ្វឹកហាត់នោះទេ។ កងទ័ពត្រូវមានភក្ដីភាពចំពោះបងប្អូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងប្រទេសជាតិ។ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំរបស់យើង កន្លងមកបានធ្វើការងារមនុស្សធម៌ជាច្រើន ហើយសូមបន្តធ្វើអំពើល្អនេះតទៅទៀត និងចូលរួមគាំទ្រ និងគោរពតាមបទបញ្ជារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការថែរក្សាសុខសន្តិភាពនេះឲ្យបានយូរអង្វែង។

វគ្កហ្វឹកហ្វឺនបំប៉នយុទ្ធវិធីនេះ មានរយៈពេល៤៥ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន១០០នាក់។ ការហ្វឹកហ្វឺនបំប៉នដល់កងកម្លាំងនាពេលនេះ ដើម្បីជាការពង្រឹងនូវសមត្ថភាពប្រយុទ្ធ ពង្រឹងវិន័យសណ្តាប់ធ្នាប់ សីលធម៌ ការគោរពច្បាប់ ការអនុវត្តតួនាទីក៏ដូចជាការពង្រឹងឆន្ទៈប្រយុទ្ធ មានភាពស្មោះត្រង់ និងប្ដេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ការពារសន្តិភាពឲ្យបានគង់វង្ស៕