ឯកឧត្ដម សុខ លូ៖ ការចូលរួម កិច្ចសហការល្អ និងការទទួលខុសត្រូវរបស់លោកលោកស្រីប្រធានមន្ទីរ អង្គភាពជាកត្តាសំខាន់ និងចាំបាច់ក្នុងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល

68

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត​ឆ្នាំ២០២០-២០២២ នៅ សាលាប្រជុំសាលាខេត្តកំពង់ធំ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារកសាងផែនការខេត្ត បានថ្លែងថា នៅក្នុងជំហានទី១ នៃការរៀបចំកសាងកម្មវិធីវិនិយោគគឺការប្រមូលធាតុចូល ដែលជាការងារសំខាន់សម្រាប់​ការចាប់ផ្ដើម ហើយក៏ជា​មូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា តែអ្វីដែល សំខាន់ជាងនេះទៀតនោះគឺការចូលរួម កិច្ចសហការល្អ និងការទទួលខុសត្រូវ របស់លោកលោកស្រីប្រធានមន្ទីរ អង្គភាព ដែលជាកត្តាសំខាន់ និងចាំបាច់ក្នុងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ។ ឯកឧត្តមបានបន្ថែមទៀតថា កិច្ចការនេះសំខាន់ណាស់ ស្នើឲ្យប្រធានមន្ទីរ អង្គភាព និងអភិបាលក្រុងស្រុកទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ តាមដាន ចូលរួមបន្ស៊ីផែនការ​សកម្មភាពរបស់អង្គភាពលោក លោកស្រី ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ដើម្បីឲ្យក្លាយទៅជារដ្ឋបាលឯកភាពមួយ បម្រើផលប្រយោជន៍ រួមរបស់ប្រជាពលរដ្ឋ ហើយឆ្លើយតបទៅនឹង គោលនយោបាយ ដឹកនាំរបស់រាជរដ្ឋាភិបាល​របស់យើង។ ដំណើរការ កសាងត្រូវមានលក្ខណៈជាប្រព័ន្ធ គឺការណែនាំផ្សព្វផ្សាយត្រូវអនុវត្តពីថ្នាក់ខេត្តទៅថ្នាក់ក្រុងស្រុក ហើយក្រុងស្រុកត្រូវណែនាំបន្តទៅឃុំ សង្កាត់ រីឯដំណើរការរៀបចំបំពេញទម្រង់នានាវិញ ត្រូវចាប់ផ្ដើមពីឃុំ សង្កាត់មកមុន ដូច្នេះបើសិនជាមានការយឺតយ៉ាវនៅថ្នាក់ណាមួយនោះ នឹងនាំឲ្យមានការយឺតយ៉ាវជាប្រព័ន្ធមិនខាន។

យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅពេលចាប់ផ្ដើមអាណត្តិរបស់​ក្រុមប្រឹក្សាគ្រប់ថ្នាក់ ត្រូវរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ដោយកំណត់នូវគោលនយោបាយ ចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំ​កម្មវិធីវិនិយោគជារៀងរាល់ឆ្នាំ។ ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវអនុវត្ត៣ជំហ៊ានគឺទី១. ការប្រមូលធាតុចូល ទី២. ការរៀបចំសេចក្ដីព្រាងកម្មវិធី​វិនិយោគ និងទី៣. ការពិនិត្យអនុម័ត និងផ្សព្វផ្សាយកម្មវិធីវិនិយោគ៕