ឯកឧត្ដម សុខ លូ៖ មន្ត្រីការិយាល័យច្រកចេញចូលតែមួយ ត្រូវមានអាកប្បកិរិយាទន់ភ្លន់ រួសរាយ រាក់ទាក់ សមជាអ្នកផ្ដល់សេវា ជូនប្រជាពលរដ្ឋ

75

រដ្ឋបាលខេត្តកំពង់ធំ៖ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋ នៅរដ្ឋបាលស្រុកស្ទោង នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានសំណូមពរ ឱ្យមន្ត្រីការិយាល័យច្រកចេញចូលតែមួយ ត្រូវមានអាកប្បកិរិយាទន់ភ្លន់ រួសរាយ រាក់ទាក់ សមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ។ លើសពីនេះ ត្រូវមានភាពសាមញ្ញ មានសីលធម៌វិជ្ជាជីវៈ មានគណនីយភាព និងតម្លាភាព ដើម្បីទទួលបានការពេញចិត្ត និងជឿទុកចិត្តពីប្រជាពលរដ្ឋរបស់យើង។ ឯកឧត្ដមក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ចាប់ពីពេលនេះតទៅសូមបងប្អូន មកទទួលសេវា នៅទីនេះ ព្រោះការិយាល័យច្រកចេញចូលតែមួយ បានបង្កលក្ខណៈងាយស្រួល ជូនបងប្អូន ដែលមកទទួលសេវា និងបានរួមចំណែកក្នុងការប្រមូល ចំណូលចូលថវិកាជាតិ ប្រកបដោយតម្លាភាពប្រសិទ្ធភាព និងចូលរួមទប់ស្កាត់នូវអំពើពុករលួយផងដែរ។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្ដមអភិបាលខេត្តក៏បានថ្លែងថា ការិយាល័យច្រកចេញចូលតែមួយនេះ នឹងផ្ដល់សេវា រដ្ឋបាលលើ១០វិស័យ រួមបញ្ចូលទាំងសេវារដ្ឋបាលដែលកំពុងផ្ដល់ដោយរដ្ឋបាលស្រុក និងសេវារដ្ឋបាលដែល កំពុងផ្ដល់ដោយការិយាល័យនានាជុំវិញស្រុក«នៅកន្លែងតែមួយ»។ ការដាក់ឱ្យដំណើរការច្រកចេញចូលតែមួយនេះ គឺជាយន្តការចាំបាច់ក្នុងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល ដែលពីមុនការផ្ដល់សេវារដ្ឋបាលតាមវិស័យនីមួយៗ បងប្អូនប្រជាពលរដ្ឋមានការពិបាក ក្នុងការទទួលសេវាពីកន្លែងមួយទៅកន្លែងមួយចំណាយពេលវេលា និងធនធាន ដែលមិនមានលក្ខណៈស្តង់ដារ។

កន្លងមក រដ្ឋបាលខេត្តកំពង់ធំបានដាក់ឱ្យដំណើរការនូវការិយាល័យច្រកចេញចូលតែមួយនេះ មាន នៅរដ្ឋបាល ខេត្ត និងនៅរដ្ឋបាលក្រុងស្ទឹងសែន។ នៅឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តបានដាក់ឱ្យដំណើរការ២ស្រុកទៀត គឺនៅ រដ្ឋបាលស្រុកស្ទោង និងនៅរដ្ឋបាលស្រុកសន្ទុក។ ដោយឡែកនៅរដ្ឋបាល ស្រុក ចំនួន៧ទៀត ដែលមិនទាន់មាន សំណង់អាគារសម្រាប់ដំណើរការការិយាល័យច្រក រដ្ឋបាលខេត្តតម្រូវឱ្យរដ្ឋបាល ស្រុកទាំង៧នោះ ដំណើរការការងារ តាមយន្ដការច្រកចេញចូលតែមួយ។ នៅពេលខាងមុខឆាប់ៗនេះ ស្រុក ទាំង៧នឹងសាងសង់អាគារសម្រាប់ ដំណើរការការិយាល័យច្រក ដើម្បីសម្រួលឱ្ យបងប្អូនប្រជាពលរដ្ឋរបស់យើងមកទទួលសេវា បានងាយស្រួល និង ឆាប់ រហ័ស៕