ឯកឧត្ដម សុខ លូ៖ យើងត្រូវបន្តខិតខំយកចិត្តទុកដាក់រួមគ្នា ដោយចាត់ទុកបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន ជាការងារអាទិភាពជាងគេ!

49

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍​ផ្លូវគោក​ប្រចាំខែមេសា និងឧសភា ឆ្នាំ២០១៩ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការ​ជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានលើកឡើងថា យើងត្រួវ រួមគ្នាទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនានា ត្រូវខិតខំយកចិត្តទុកដាក់បន្តទៀត ដោយចាត់ទុកបញ្ហា​គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀននេះ ជាការងារអាទិភាពជាងគេ ព្រោះថាក្នុង​រយៈពេល២ខែមេសា និងឧសភា កន្លងមក បញ្ហាទាំងពីរនេះ នៅតែកើតមានឡើង​គួរឱ្យព្រួយបារម្មណ៍។

ឯកឧត្ដម សុខ លូ ក៏បានលើកឡើងដែរថា ដើម្បីចូលរួមជម្រុញក្នុងការអនុវត្ត​គោលការណ៍​ណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក យើងត្រូវ​ខិតខំបន្តទៀត ជម្រុញការងារប្រឡងប្រណាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ដោយផ្តល់ការលើកទឹកចិត្ត ដល់ក្រសួង ស្ថាប័ន អង្គភាព និងអង្គការជាតិ ដែលមានស្នាដៃល្អ ក្នុងដៅកាត់បន្ថយចំនួនអ្នកគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួស ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមក៏បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះរថយន្តដឹកសំពីងសំពោង រថយន្តតទ្រុង​ខុសលក្ខណៈបច្ចេកទេស ជាពិសេសអ្នកបើកបររថយន្តធំៗពេលយប់ និងត្រូវស្នើដល់ថៅក្រុមហ៊ុន ត្រូវធ្វើតេស្ដទឹកនោមលើអ្នកបើកបររបស់ខ្លួន។

តាមរបាយការណ៍របស់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្នុងរយៈពេល​២ខែ​កន្លងមកនេះ បញ្ហាចម្បងៗដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ទាំង៣៧លើកនេះ គឺបណ្តាលមកពីការធ្វេសប្រហែសក្នុងការបើកបរ ការបើកបរលើសល្បឿនកំណត់ ការបើកបរជែង​ក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរមិនគោរពសិទ្ធិអាទិភាព និងការបើកបរ​ក្នុងស្ថានភាពស្រវឹង៕