ឯកឧត្ដម សុខ លូ៖ យើងត្រូវខិតខំរួមគ្នាយកព័ត៌មានពិតទៅបង្ក្រាបព័ត៌មានមិនពិត

53

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីប្រព័ន្ធសន្តិសុខ សុវត្ថិភាពលើបណ្ដាញ
និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនានារបស់រដ្ឋបាលខេត្ត ក្រុង ស្រុក នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា យើងត្រូវខិតខំរួមគ្នាយកព័ត៌មានពិត​ទៅបង្ក្រាប​ព័ត៌មានមិនពិត ព្រោះថាព័ត៌មានមិនពិតធ្វើឲ្យសង្គមជាតិយើងច្របូកច្របល់ គ្មានសណ្ដាប់ធ្នាប់ ធ្វើឲ្យប្រជាពលរដ្ឋយល់ខុសលើថ្នាក់ដឹកនាំ ពិសេសធ្វើឲ្យខូចមុខមាត់សង្គមជាតិរបស់យើងទៀតផង។ ទន្ទឹម នឹងនោះដែរ មន្ទីរអង្គភាពទាំងអស់ រួមនឹងរដ្ឋបាលក្រុង ស្រុក ត្រូវខិតខំយកចិត្តទុកដាក់បង្កើតក្រុមប្រើប្រាស់​បណ្ដាញព័ត៌មាននេះឲ្យបានទូលំទូលាយ កាលណាយើងមានក្រុមការងារផ្សេងៗគ្នាច្រើន នោះយើងនឹងធ្វើ​ការងារ​បានរហ័ស ហើយត្រូវខិតខំស្វែងយល់បន្ថែមទៀតនូវបច្ចេកវិទ្យាថ្មីៗព្រោះវាបានជួយឲ្យ​ការងារ​របស់​យើង មានភាពងាយស្រួលជាងមុនច្រើន។

នាឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងបន្ថែមថា កន្លងមកយើងមានព័ត៌មានល្អៗ​ជាច្រើនដែលយើងមិនបានផ្សព្វផ្សាយ ដូច្នេះវគ្គបណ្តុះបណ្តាលនេះរដ្ឋបាលខេត្តរៀបចំឡើង គឺក្នុង​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាពដល់មន្ត្រី នៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង ឱ្យបានយល់ដឹងពី​សន្តិសុខ សុវត្ថិភាពលើប្រព័ន្ធបណ្ដាញ និង ការគ្រប់គ្រងប្រព័ន្ធទិន្នន័យនានា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ឱ្យកាន់តែមានប្រសិទ្ធភាព។

វគ្គបណ្ដុះបណ្ដាលអំពីប្រព័ន្ធសន្តិសុខ សុវត្ថិភាពលើបណ្ដាញ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនានារបស់ រដ្ឋបាលខេត្ត ក្រុង ស្រុកនេះ រដ្ឋបាលខេត្តកំពង់ធំរៀបចំឡើងរយៈពេល២ថ្ងៃគឺចាប់ឈឺចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០១៩ នៅសាលប្រជុំសាលាខេត្ត ដែលមានសិក្ខាកាមចូលរួមចំនួន១៥០នាក់ អញ្ជើញមកពីមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងទាំង៣ និងរដ្ឋបាលក្រុង ស្រុកទាំង៩របស់ ខេត្តកំពង់ធំ៕