ឯកឧត្ដម សុខ លូ៖ យើងមិនអាចទប់ស្កាត់អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច រំលោភបំពានបានទេ ប្រសិនបើមិនមានការខិតខំចូលរួមពីយើងទាំងអស់គ្នា

63

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគោលការណ៍ណែនាំស្ដីពីបែបបទនិង នីតិវិធីនៃការកំណត់ អត្តសញ្ញាណជន រងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្ដល់សេវាកម្មសមស្រប នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានថ្លែងថា យើងមិនអាចទប់ស្កាត់អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច រំលោភបំពានបានទេ ប្រសិនបើមិនមានការខិតខំចូលរួមពីយើងទាំងអស់គ្នា។ ប្រសិនបើយើងមិនមានការខិតខំប្រឹងប្រែង ទប់ស្កាត់ទេនោះ អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចរំលោភបំពាន និងកាន់តែសកម្ម កាន់តែឃោរឃៅ និងរីករាលដាលច្រើនឡើងៗ។ រីឯប្រជាពលរដ្ឋកាន់តែច្រើន កាន់តែប្រឈមនឹងគ្រោះមហន្តរាយ ហើយសង្គមជាតិ នឹងមិនមានស្ថេរភាពឡើយ។

នៅក្នុងឱកាសនេះដែរ ឯកឧត្ដមអភិបាលខេត្តក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ដែលបានអញ្ជើញ ចូលរួមនៅក្នុងវគ្គ បណ្តុះបណ្តាលនេះ ពេលត្រឡប់ទៅវិញត្រូវរាយការណ៍ជូន ប្រធានអង្គភាពរបស់ខ្លួន ឲ្យបានយល់ជ្រួតជ្រាបកាន់តែច្បាស់ ដើម្បីចូលរួមផ្សព្វផ្សាយបន្ត និងចូលរួមទប់ស្កាត់ទាំងអស់គ្នា។

វគ្គបណ្ដុះបណ្ដាលគោលការណ៍ណែនាំ ស្ដីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរ មនុស្ស ដើម្បីផ្ដល់សេវាកម្មសមស្របនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែមិថុនា ឆ្នាំ២០១៩ នៅ សណ្ឋាគារ គ្លរៀស ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស(គ.ជ.ប.ជ) និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ជាគណៈអធិបតីនៅក្នុងវគ្គវគ្គបណ្ដុះបណ្ដាលនេះ ហើយសិក្ខាកាមចូលរួមមានចំនួន៥០នាក់ ដែលមានសមាសភាពជា អភិបាលរងក្រុងស្រុកជាស្ត្រី, អធិការរងក្រុងស្រុក, គណៈកម្មការកុមារនិងស្ត្រីក្រុងស្រុក, ការិយាល័យសង្គមកិច្ច ក្រុងស្រុក, និងមន្ទីរពាក់ព័ន្ធនានា៕