ឯកឧត្ដម សុខ លូ៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាព និងអង្គការសង្គមស៊ីវិល ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមតួនាទីនិងភារកិច្ចរបស់ខ្លួន!

90

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តកំពង់ធំ ដែលបានរៀបចំឡើង ក្រោម​ប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបាននូវ​ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពនិងអង្គការសង្គម​ស៊ីវិលទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមតួនាទី និងភារកិច្ចរបស់ខ្លួន។ ឯកឧត្តមក៏បានលើកឡើងដែរថា ប្រតិបត្តិការកន្លងមកនៅខេត្តកំពង់ធំ អង្គការសង្គមស៊ីវិល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពនានា តែងតែធ្វើការសហការគ្នា សម្របសម្រួលគ្នា មិនមានបញ្ហាអ្វីដែលផ្ដល់ការលំបាក ស្មុគស្មាញនោះទេ ព្រោះយើងទាំងអស់គ្នាបម្រើគោលដៅតែមួយដូចគ្នា គឺប្រជាពលរដ្ឋរបស់យើង។

ថ្លែងក្នុងអង្គវេទិកានេះដែរ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានកោតសរសើរចំពោះ​ការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ ដែលបានខិតខំបំពេញការងាររបស់​ខ្លួននាពេល​កន្លង​មក និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអង្គការ​សង្គមស៊ីវិល​ទាំងអស់​បន្តកិច្ចសហការឱ្យ​កាន់តែជិតស្និទ្ធ​ថែមទៀតជាមួយ​រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីកាត់បន្ថយការយល់ច្រឡំចំពោះគ្នា និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឈានទៅបង្កើតភាពដៃគូជាមួយគ្​នាដោយ​ឆន្ទៈស្មោះត្រង់ និងត្រូវចូលរួមគោរពអនុវត្តច្បាប់ជាធរមាន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព​ក្នុងការ​បំពេញការងាររបស់ខ្លួន និងមិនប្រកាន់និន្នាការនយោបាយ ដើម្បីចូលរួមបម្រើដល់បុព្វហេតុជាតិនិងផល​ប្រយោជន៍​ប្រជាជននៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប​ដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា។

វេទិកាសន្ទនានេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានអ្នកចូលរួមពីឯកឧត្តមអភិបាលរងខេត្ត តំណាងមន្ទីរ-អង្គភាពចំណុះរដ្ឋបាលខេត្ត រួមទាំងតំណាង​អង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តកំពង់ធំប្រមាណ២៥០នាក់ ក្នុងគោលបំណង​ដើម្បីឱ្យអង្គការសង្គមស៊ីវិលបានស្វែងយល់អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ និង​បង្កើនការចូលរួមចំណែកកាន់តែសកម្មថែមទៀត ក៏ដូចជាការបង្កើតភាពជាដៃគូសហការប្រកបដោយ​ប្រសិទ្ធ​ភាព ជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ តាមរយៈការ​ពង្រឹង​ការអនុវត្តតាម​តួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់ជាធរមាន៕