ឯកឧត្ដម សុខ លូ៖ អំពាវដល់មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ ជួយផ្សព្វផ្សាយបន្ត​ឲ្យបានទូលំទូលាយដល់បងប្អូន ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ និងប័ណ្ណអាទិភាព

103

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុ ក្រោម២ឆ្នាំ​នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ដែលរៀបចំធ្វើនៅសាល ប្រជុំ សាលា ខេត្តកំពង់ធំ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ ជួយផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយដល់បងប្អូន ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ និងប័ណ្ណអាទិភាព ដើម្បីលើកកម្ពស់សុខមាលភាពមាតា និងទារកព្រមទាំង ចូលរួមចំណែកកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតានិងទារក ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បាន ផ្តាំផ្ញើដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់ អាវុធទាំងអស់ ជួយ ផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរព ច្បាប់ ចរាចរ ចៀសឆ្ងាយពីគ្រឿងញាណ ព្រោះឃាដករទាំងពីរនេះ វាបានបំផ្លាញអាយុជីវិតមនុស្សមិនរើសមុខ ព្រមទាំង ទ្រព្យសម្បត្តិ បងប្អូន ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់សុខមាលភាពមាតា និងកុមារ ព្រមទាំងចូលរួមចំណែកដោះស្រាយបញ្ហា​កង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូននៅក្នុងផ្ទៃ​រហូតដល់​អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ កម្មវិធីនេះរួមចំណែកយ៉ាងសំខាន់ដល់ការ​កាត់បន្ថយ​អត្រាឈឺស្លាប់របស់មាតានិងកុមារ ក៏ដូចជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស៕