ឯកឧត្ដម សុខ លូ ចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ Johnson&Johnson និងពន្យល់អំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ

77

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការីបាន​អញ្ញើញ​ចុះត្រួត​ពិនិត្យ​យុទ្ធនាការចាក់វ៉ាក់​សាំងកូវីដ១៩ Johnson&Johnson និងពន្យល់អំពី​អត្ថប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋរស់​នៅ​ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ។

នៅក្នុងឱកាសនោះឯកឧត្តម សុខ លូ មានប្រសាសន៍ថា យើងពិតជាមានភ័ពសំណាង​​ណាស់ដែល​មាន​សម្ដេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ជាថ្នាក់ដឹកនាំដ៏​ឈ្លាសវៃបំផុត ដែលសម្ដេចតេជោ បានគិតគូរសុខទុក្ខរបស់​​ប្រជាពលរដ្ឋនៅ​គ្រប់​ទីកន្លែងទាំងអស់ ព្រមទាំងបានធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងឆាប់រហ័ស ក្នុងការខិតខំរកវ៉ាក់សាំង​សម្រាប់ចាក់​ជូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយមកដល់ពេលនេះគឺយើងចាក់សាំងកូវីដ១៩ បានរហូតដល់ជាង ៧លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង ១០លាននាក់ ដើម្បីជួយបងប្អូនអោយរួចផុត​ពីជំងឺ​ដ៏កាច​សាហាវនេះ។

ឯកឧត្តមបានបន្ថែមទៀតថា ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណ​ យ៉ាង​ជ្រាលជ្រៅ និងជូនពរសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាព​ល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណ​​វាងវៃជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះ​ត្រចង់ក្នុងការដឹកនាំ ប្រទេសជាតិឱ្យមានការរីកចម្រើន។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ ក៏បានធ្វើការណែនាំ និងជំរុញដល់​ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន​បន្តយក​ចិត្តទុក​ដាក់​ពិនិត្យបញ្ជីឈ្មោះ​អ្នកចាក់វ៉ាក់សាំងកូវីដ១៩ Johnson&Johnson ឲ្យបានច្បាស់លាស់ត្រឹមត្រូវ និងថែរក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ និងរក្សាគម្លាតសុវត្ថិភាព ដោយពន្យល់ណែនាំ​ប្រជាពលរដ្ឋឱ្យពាក់ម៉ាស លាងដៃ បាញ់​អាល់កុល មិនត្រូវប្រជ្រៀតដណ្តើមគ្នា ជៀសវាងមានការកកស្ទះ ដើម្បីចាក់វ៉ាក់សាំងនោះឡើយ ព្រោះវាអាចនឹង​មាន​ហានិភ័យ​នៃការឆ្លង​រាលដាលជំងឺកូវីដ-១៩ នេះមកដល់ខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍របស់យើង។ ជាពិសេសសូម​ប្រជាពលរដ្ឋ​ទាំងអស់ត្រូវ​ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានកាណ៍សុវត្ថិភាព​របស់ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ ៣.កុំ និង២ចូលរួម របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម ដើម្បីរួមគ្នាកាត់បន្ថយទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩។

ក្នុងនោះឯកឧត្តម សុខ លូ បានកោតសរសើរ និងថ្លែងអំណរគុណដល់​​ក្រុម​​គ្រូពេទ្យ​ចាក់វ៉ាក់សាំង​ព្រមទាំង​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​បានស្មគ្រ័ចិត្តចូលរួម​​យ៉ាង​​សកម្មផុលផុសក្នុង​ការមកទទួល​ការចាក់វ៉ាក់សាំង​ ការពារជំងឺកូវីដ-១៩ ដើម្បីចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថាក្នុងការចុះត្រួតពិនិត្យនោះ​ឯកឧត្តមអភិបាលខេត្ត ក៏បានជួយឧបត្ថម្ភសម្ភារៈ​មួយចំនួន​ដល់ក្រុមការងារដែល​កំពុង​រួមគ្នា​បម្រើឱ្យ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ​នៅក្នុងតំបន់នេះផងដែរ។ ហើយម្យ៉ាង​វិញ​ទៀតនៅថ្ងៃស្អែកនេះ យើងនឹងបើកយុទ្ធនាការ​ផ្ដល់វ៉ាក់សាំងចាក់​ជូនបងប្អូនប្រជាពលរដ្ឋនៅ​ស្រុកសណ្ដាន់ ស្រុកប្រាសាទ​សំបូរ និងស្រុកប្រាសាទបល្ល័ង្ក​​​ដែលជាស្រុកចុងក្រោយ​បន្តទៀត។