ឯកឧត្ដម សុខ លូ៖ មន្ត្រីកាកបាទក្រហម ត្រូវប្រកាន់ខ្ជាប់តម្លាភាព និងធ្វើការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

72

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ
នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកំពង់ធំ បានលើកឡើងថា មន្ត្រីកាកបាទក្រហម​ដែលកំពុងបម្រើការងារនៅក្នុង សាខាកាកបាទក្រហមខេត្តកំពង់ធំទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវតម្លាភាព និងធ្វើការងារប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីជាការផ្ដល់នូវទំនុកចិត្តដល់សប្បុរសជនទាំងអស់ ដែលខិតខំបរិច្ចាគធនធានផ្ទាល់ខ្លួន​ដល់សាខាកាកបាទក្រហមរបស់យើង ជាពិសេសឆ្លើយតបទៅនឹង​ទឹកចិត្តដ៏មហាសប្បុរស ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល តែងតែគិតគូរពីសុខទុក បងប្អូនក្រីក្រជួបការលំបាក ឬរងគ្រោះដោយសារគ្រោះធម្មជាតិជាដើម។ ឯកឧត្តមបានបន្ថែម ទៀតថាដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសមាសភាពគណៈកម្មាធិការសាខាអាណត្តិទី៤ មានការ ផ្លាស់ប្ដូរទទួលភារកិច្ចថ្មី ដូច្នេះយើងចាំបាច់ត្រូវជ្រើសរើសសមាសភាពថ្មីជំនួសនៅអាណត្តិទី៥នេះ។

នៅព្រឹកនេះដែរ កិច្ចប្រជុំក៏បានពិភាក្សា និងដំណើរការទៅតាម របៀបវារៈរបស់ខ្លួនដែលមាន៖ ១/បូកសរុបលទ្ធផលសកម្មភាពការងារសម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅផែនការសកម្មភាព ការងារឆ្នាំ២០១៩, ២/ត្រៀមសម្ពោធអគារសាខាកាកបាទក្រហមខេត្ត នៅចុងខែមិថុនាឆ្នាំ២០១៩, ៣/ត្រៀមការងារសន្និបាតរបស់សាខាកាកបាទក្រហម នៅចុងខែមិថុនាឆ្នាំ២០១៩ និង៤/បញ្ហាផ្សេងៗ៕