ឯកឧត្ដម សុខ លូ ទទួលជួប សំណេះសំណាល ជាមួយបេក្ខជនពិការភាព ទាំងពីរនាក់ កំឡុងសម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះ

267

រដ្ឋបាលខេត្តកំពង់ធំ៖ បន្ទាប់ពីទទួលបានដំណឹងថា មានសិស្សពិការភាពចំនួន ២នាក់ ដែលជាបេក្ខជនប្រលង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានទទួលជួប សំណេះសំណាល ជាមួយបេក្ខជនទាំងពីរនាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការប្រឡងថ្ងៃទីពីរមុខវិជ្ជា ចុងក្រោយរួចរាល់ នៅវេលា​ម៉ោង៥ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

បេក្ខជន ទុយ សុខដុង រស់នៅក្នុងភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាសិស្សរៀនវិទ្យាល័យស្ទឹងសែន ពិការភាពទាំងដៃទាំងពីរ និងជើងទាំងពីរ តាំងពីកំណើរមកម៉្លេះ ហើយគ្រួសារមានជីវភាពក្រីក្រ ឳពុកម្ដាយធ្វើស្រែ។ សុខដុង ទោះបីពិការភាពពីកំណើត ហើយស្ថានភាព​គ្រួសារក្រីក្រដូចនេះក៏ដោយ តែចំពោះការសិក្សានៅក្នុងថ្នាក់រៀនវិញ តែងបានចំណាត់ថ្នាក់​ចន្លោះពីលេខពីរ ដល់ លេខប្រាំជារៀងរាល់ខែ។ បេក្ខនារី អ៊ុល កុសល មានទីលំនៅក្នុងភូមិទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាណ៍ ខេត្តកំពង់ធំ ជាសិស្សរៀននៅវិទ្យាល័យបារាយណ៍ ពិការភាពទាំងដៃទាំងពីរ និងជើងម្ខាង តាំងពីកំណើរមកដែរ ហើយការរស់នៅប្រចាំថ្ងៃរបស់គាត់ពិបាកយ៉ាងខ្លាំង ដោយឱពុកម្តាយជាកម្មករចៀជ័រកៅស៊ូ នៅក្នុង​ស្រុកសន្ទុក ត្រូវទៅធ្វើការងារនៅឆ្ងាយពីផ្ទះ ធ្វើឲ្យរូបគាត់រស់នៅជាមួយបងប្អូន និងលោកយាយ។ ចំពោះការ​សិក្សា​នៅក្នុងថ្នាក់រៀនគឺមាន ទទួលបានចំណាត់ថ្នាក់លេខពីរឬលេខបីជារៀងរាល់ខែ។

នៅក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម សុខ លូ បានឧបត្ថម្ភនូវថវិកាក្នុងម្នាក់ៗចំនួន ២.០០០.០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ ឯកឧត្តមក៏នឹងផ្តល់នូវកុំព្យូទ័រយួរដៃ​ម្នាក់​១គ្រឿង នៅពេលបិទផ្សាយលទ្ធផល បើទោះបីជាលទ្ធផលប្រឡងយ៉ាងណាក៏ដោយ ប្រសិនបើបេក្ខជនទាំង​ពីរនាក់​ទទួលបាននិទ្ទេសA ឯកឧត្តមនឹងផ្ដល់ជូនម៉ូតូ១គ្រឿងដូចបេក្ខជននិទ្ទេសA ដ៏ទៃទៀតដែរ។ លើសពីនេះ ឯកឧត្តម នឹងផ្តល់អាហារូបករណ៍ ១០០% និងជួយទំនុកបម្រុងទាំងស្រុង​ក្នុងរយៈពេលសិក្សាសម្រាប់អ្នក​ទាំងពីរ​ដែលរៀនបន្តនៅក្នុងខេត្តកំពង់ធំ ប៉ុន្តែបើទៅរៀននៅភ្នំពេញ ឯកឧត្តម នឹងស្វែងរកសប្បុរសជនជួយ​ឧបត្ថម្ភបន្តទៀត។

កាយវិការដ៏ថ្លៃថ្លា និងទឹកចិត្តសប្បុរសរបស់ឯកឧត្ដម នាពេលនេះ ពិតជាអភិបាលខេត្តដែលតែងតែយក​ចិត្តទុក្ខ​ដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋពិតប្រាកដមែន៕