ឯកឧត្ដម សុខ លូ បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរ និងចៀសឆ្ងាយពីគ្រឿងញៀន

47

រដ្ឋបាលខេត្តកំពង់ធំ៖ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរព ច្បាប់ចរាចរ ចៀសឆ្ងាយពីគ្រឿញៀន ព្រោះឃាដករទាំងពីរនេះ វាបានបំផ្លាញអាយុជីវិតមនុស្សមិនរើសមុខ ព្រមទាំងទ្រព្យសម្បត្តិ បងប្អូន ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង។ ការអំពាវនាវនេះ ត្រូវបានធ្វើ ឡើង ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន២៨គ្រួសារ មកពីឃុំសាន់គរ ឃុំត្បែង ឃុំត្រពាំងឫស្សី និងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។

ឯកឧត្តមបានថ្លែងថា ក្នុងនាមជាអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សូមចូលរួមសោកស្តាយចំពោះបងប្អូន ដែល ទទួល រងគ្រោះដោយបាតុភូតធម្មជាតិខ្យល់ កន្រ្តាក់នេះ និងសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ការនឹក រលឹក ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានសាខា កាក បាទក្រហមកម្ពុជា ដែល តែងតែ គិតគូរ ពីសុខទុកបងប្អូន ដោយធ្វើយ៉ាងណាមិនត្រូវទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ ឯកឧត្ដម បានបន្តទៀតថាអំណោយសប្បុរសធម៌ ទាំងអស់ នេះ បានមកពីការបរិច្ចាគរបស់សប្បុរសជននានា នៅក្នុង ពិធីអបអរសាទរ ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។

សូមរឮកថា សាខាកាកបាទក្រហមខេត្តកំពង់ធំកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ បានរៀបចំពិធី អបអរ សាទរ ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដោយប្រមូលថវិកា ពីសប្បុរសជនបានចំនួន២០៥,៩០០ដុល្លារអាមេរិក៕