ឯកឧត្ដម សុខ លូ «ភារកិច្ចរបស់បងប្អូនប្រជាការពារយើងគឺសំខាន់ណាស់ ដើម្បីជួយរក្សាស្ថិរភាពក្នុងភូមិ-ឃុំរបស់យើង»

237

រដ្ឋបាលខេត្តកំពង់ធំ៖ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារចំនួន១៣៥នាក់ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន នារសៀលថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់ បងប្អូនប្រជាការពារទាំងអស់នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដែលបានខិតខំបំពេញការងារ យ៉ាងសកម្ម ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើងតាមភូមិក្នុងសង្កាត់ស្រយ៉ូវនេះ ទោះគ្មាន ប្រាក់ខែ តែដោយមានស្មារតីអង់អាច ក្លាហាន មានឆន្ទៈខ្ពស់ ស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ទើបធ្វើឱ្យប្រជាការពារយើង បំពេញកិច្ចការការពារសុវត្ថិភាពបានយ៉ាងល្អប្រសើរ។

ឯកឧត្ដមអភិបាលខេត្តបានបន្ថែម ទៀតថា ភារកិច្ចរបស់បងប្អូនប្រជាការពារ យើង គឺសំខាន់ណាស់ ដើម្បីជួយរក្សាស្ថិរភាពក្នុងភូមិ របស់យើង។ កាលណាភូមិយើង គ្រប់ភូមិនៅក្នុង សង្កាត់មានស្ថិរភាព គ្មានចោរលួច ចោប្លន់ គ្មានគ្រឿងញៀន បងប្អូន យើងស្ងប់អារម្មណ៍ នោះសង្កាត់ របស់យើងមានសន្តិភាព មានស្ថិរភាព កាលណាឃុំ/សង្កាត់យើងមានស្ថិរភាព នោះក្រុង/ស្រុកយើង មានស្ថិរភាព កាលណាក្រុង/ស្រុកមាន ស្ថិរភាព នោះ ខេត្តកំពង់ធំយើងមានស្ថិរភាព កាលណាខេត្តកំពង់ធំ យើង មានស្ថិរភាព ខេត្តដ៏ទៃទៀត មានស្ថិរភាព បងប្អូនយើងរស់នៅសុខស្រួល នោះប្រទេសយើងទាំងមូល គឺ សុខស្រួល មានសន្ដិភាព ពេញលេញ។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្ដម សុខ លូ អភិបាលខេត្តបានថ្លែងថា បងប្អូនប្រជាការពារយើង ក៏មាន ភារកិច្ចពន្យល់ប្រជាពលរដ្ឋយើងឱ្យយល់ពីតម្លៃនៃសន្តិភាព ដឹងពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្លួនឯង កុំឱ្យជឿ តាមការឃោសនារបស់ជនអគតិមួយចំនួនតូច ដែលតែងតែបង្កអសន្តិសុខ បង្កចលាចល អំពាវនាវឱ្យ បងប្អូនយើងងើបឡើងបះបោរ ប្រឆាំងនឹងរាជរដ្ឋាភិបាលរបស់យើង៕