ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយ ៧ខែដើមឆ្នាំ និងទិសដៅបន្ត របស់ខេត្តកំពង់ធំ

126

ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តីទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធាន គណៈកម្មាធិការប្រតិបត្តិគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយ ៧ខែ ដើមឆ្នាំ២០១៨ និងទិសដៅបន្ត របស់ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីគ្រប់ស្ថាប័ន អាជ្ញាធរក្រុង ស្រុកមេឃុំ ចៅសង្កាត់ ប្រមាណជាង៣០០ នាក់ ។

ឯកឧត្តម សុខ លូ បានធ្វើរបាយការណ៍សង្ខបពីស្ថានភាពភូមិសាស្ត្រ និងការប្រឈមមួយចំនួនគឺខេត្តកំពង់ធំក៏មិនខុសពីបណ្តាខេត្តមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជាដែរ គឺបានទទួលរងនូវគ្រោះធម្មជាតិមានដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ បាក់ច្រាំងស្ទឹង អគ្គីភ័យ លង់ទឹកស្លាប់ ជាដើម ដែលធ្វើឲ្យ ប៉ះពាល់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វិស័យសង្គមកិច្ច ទៀតផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានប្រសាសន៍ថា គ្រោះមហន្តរាយបែបនេះតែងកើតមានឡើងជារៀងរាល់ឆ្នាំ តែសំខាន់នៅត្រង់ថា ក្រុមការងារឆ្លើយតប និងសង្គ្រោះបន្ទាន់ត្រូវតែធ្វើការងារឆ្លើយតប ឲ្យបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដូចជាក្នុងករណីមាន គ្រោះទឹកជំនន់ យើងត្រូវបញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ហើយត្រូវផ្គត់ផ្គង់ទាំងជម្រកស្នាក់ នៅបណ្តោះអាសន្ន ទឹកស្អាតសម្រាប់ប្រើប្រាស់ និងការបរិភោគ ចំណីអាហារ រួមទាំងការថែទាំសុខភាព ជូនពួកគាត់ជាដើម ព្រោះថាក្នុងកំឡុងពេលជួបគ្រោះទឹកជំនន់ គឺងាយរងគ្រោះពីជម្ងឺផ្សេងៗបំផុត មានដូចជាជម្ងឺរាគរុះជាដើម។ ក្នុងនាមអាណាព្យាបាលក៏ដូចជាអាជ្ញាធរផងដែរត្រូវការពារ ក្មេងតូចៗកុំអោយលេងទឹក ព្រោះកន្លងមកមានករណីក្មេងលង់ទឹកស្លាប់ជាច្រើននាក់មកហើយ។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានជំរុញដល់អាជ្ញាធរ ក៏ដូចជាដៃគូពាក់ព័ន្ធ ឲ្យសហការគ្នាក្នុងការស្តារឡើងវិញនៅក្រោយគ្រោះមហន្តរាយនូវហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រជាដើម និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគណៈពង្រឹង សប្បុរសជន និងបណ្តាអង្គការដៃគូនានា ដែលតែងបានចុះជួយដល់ប្រជាពលរដ្ឋនៅក្នុងគ្រាជួបគ្រោះមហន្តរាយជាពិសេស ទាំងរាជរដ្ឋាភិបាល ទាំងកាកបាទក្រហមកម្ពុជា គឺបានយកចិត្ត ទុកដាក់ជានិច្ចទៅលើពលរដ្ឋរងគ្រោះ តាមរយៈការសម្តែងនូវសមានចិត្តអាណិតអាសូរ ការចុះជួយ សង្គ្រោះបន្ទាន់ និងការផ្តល់នូវជម្រកស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព រួមទាំងការផ្តល់នូវ អាហារ និងការថែទាំសុខភាពជាដើម៕ ក្នុងដែរ ឯកឧត្តមបានជំរុញឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពិនិត្យមើលការជួសជុលផ្លូវមួយចំនួនដែលខូចខាតផងដែរ ។