ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ ចែកស្រូវពូជដល់ប្រជាពលរដ្ឋចំនួន៨៣០គ្រួសារ មកពីស្រុកបារាយណ៍ និងស្រុកសន្ទុក

40

(រដ្ឋបាលខត្តកំពង់ធំ)៖ ឯកឧត្តមនាយឧត្តមសេនីយ៏ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស​និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលនិងចែកស្រូវ​ពូជជូន​ប្រជាពលរដ្ឋដែលមានលទ្ធភាពស្តារឡើងវិញដែលបន្ទាប់ពីទទួលរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅ​ចំនួន ៨៣០គ្រួសារ មកពីស្រុកចំនួនពីរគឺស្រុកសន្ទុក និងស្រុកបារាយណ៍ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅទីតាំងវត្តសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ដើម្បីធានាដល់ការ​ស្តារ​ឡើង​វិញ​នូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានដាក់​បទបញ្ជាដល់​ក្រសួង​មុខព្រួញសំខាន់ៗចំនួន៣ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវធ្វើសកម្មភាពព្រមៗគ្នាក្នុងការចែកពូជស្រូវ ចែកពូជដំណាំ ជួសជុលប្រព័ន្ធធារា​សាស្ត្រ ប្រឡាយទឹក និងផ្លូវនៅតាមទីជនបទជាដើម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ដថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ណាស់លើការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ​ក្រោយ​ពេល​ទឹកជំនន់បានស្រកទៅវិញព្រោះការបង្កបង្កើនផលក្រោយទឹកជំនន់ជាកិច្ចការចាំបាច់ណាស់ដើម្បី​ដោះ​ស្រាយ​បញ្ហា ស្បៀងអាហារ និងក្នុងជីវភាពរស់របស់ប្រជាពលរដ្ឋរងគ្រោះឱ្យមានភាពប្រសើរឡើងវិញនោះ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអំពាវនាវបន្ថែមទៅដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេស​នៅ​ក្នុងខេត្តរងការជន់លិចឱ្យបង្កើនការយកចិត្តទុកដាក់និងជួយអន្តរាគមន៍ដល់ការដាំដុះរបស់ប្រជាកសិករ ជា​ពិសេស​សំណូមពរដល់ប្រជាកសិករទាំងអស់ត្រូវខិតខំធ្វើការងារបង្កបង្កើនផលឡើងវិញអោយបានទាន់រដូវ ដើម្បី​លើកស្ទួយជីវភាពរស់នៅអោយបានប្រសើរឡើង។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើរបាយការណ៍អោយដឹងថាគិតមកត្រឹមពេលនេះ​ទឹកជំនន់​បាន​ធ្វើអោយខេត្តកំពង់ធំរងនូវការប៉ះពាល់ដល់ដំណាំស្រូវលើផ្ទៃដីស្រូវចំនួន ១៨ ៨៥០ហិកតា និងខូចខាត​ទាំង​ស្រុង​ចំនួន ១០ ៣៣៥ហិកតា ស្មើនឹង១២ ៣៦៥គ្រួសារ និងដំណាំបន្លែរួមផ្សំលើផ្ទៃដីចំនួន ៣៤២ហិកតា។ ប៉ុន្តែ​គ្រួសារដាំដំណាំស្រូវ ដែលអាចស្តារឡើងវិញ ដោយមានប្រភពទឹកស្រោចស្រពចំនួន ៨ ២៥១ហិកតា ស្មើនឹង​ចំនួន ៧ ៤៨០ គ្រួសារ និងអាចធ្វើការស្តាឡើងវិញបាន។ ម្យ៉ាងវិញទៀត ចំពោះស្រុកសន្ទុក ផ្ទៃដីដំណាំស្រូវ​មាន​ចំនួន ៦៦៧ ហិកតា ស្មើនឹង ៨០៩គ្រួសារ និងស្រុកបារាយណ៍ ផ្ទៃដីដំណាំងស្រូវចំនួន ២៦ ហិកតា ស្មើនឹង ២១ គ្រួសារ ដែលត្រូវការស្រូវពូជចំនួន ៨៣ តោន។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ រដ្ឋបាល​ខេត្ត បានធ្វើការចែកពូជស្រូវជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារ​ជំនន់ទឹកភ្លៀងដែល​មាន​លទ្ធភាពក្នុងស្តារឡើងវិញនេះសរុប មានចំនួន ៨.២៥១ហិកតា ស្មើនឹង៧.៤៨០គ្រួសារ ។

ជាមួយគ្នានោះដែរ សម្រាប់ប្រជាកសិកររងគ្រោះដែលកំពុងស្តារការដាំដុះស្រូវឡើងវិញបានសម្តែង ការរីករាយ​ជាខ្លាំង ចំពោះការយកចិត្តទុកដាក់ អំពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានផ្តល់ពូជ​ស្រូវ​ដែល​មានដំណុះល្អជូនពួកគាត់បានទាន់ពេលវេលា។ ចំណែកឯពូជស្រូវដែលចែកជូនបងប្អូនប្រជាពលរដ្ឋដែល​រង​ការ​ខូចខាតដោយទឹកជំនន់នៅពេលនេះមាន១គ្រួសារទទួលបានពូជស្រូវចំនួន១០០គីឡូក្រាម និងថវិកាមួយ​ចំនួន​ផងដែរ។