ពិធីសំណេះសំណាលជាមួយក្រុមកីឡាករទូកខេត្តកំពង់ធំ

149

នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកីឡាករអុំទូកខេត្តកំពង់ធំ ចំនួន ១,២៥៤ នាក់ នៅទីតំាងតំបន់ OCIC ក្នុងបរិវេណទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទំាងគណៈកម្មការដឹកនាំទូកទំាងអស់ផងដែរ។

ឯកឧត្តម សុខ លូ បានអានរបាយការណ៍សង្ខេប អំពីស្ថានភាពទូក ដែលគណៈកម្មការខេត្តកំពង់ធំបានដឹកនាំមកចូលរួមសរុប ចំនួន ១៨ទូក មានទូកវែង ចំនួន ១២ទូក ទូកមួងបុរស ចំនួន ០២ទូក ទូកខ្នាតអន្តរជាតិ ចំនួន ០៤ទូក និងមានកីឡាករអុំពិត ចំនួន ១,០៤២នាក់ កីឡាករបម្រុង ចំនួន ២១២នាក់ សរុបចំនួន ១,២៥៤នាក់។ ទន្ទឹមនោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេស ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដែលតែងតែមានវត្តមានជារៀងរាល់ឆ្នាំ ឧបត្ថម្ភជាថវិកា និងសម្ភារៈ ក្នុងការរៀបចំពិធីប្រណំាងទូក ទាំងនៅខេត្ត និងនៅរាជធានីភ្នំពេញ ដើម្បីឲ្យពិធីប្រណាំងប្រព្រឹត្តទៅបានជោគជ័យ និងទទួលនូវភាពសប្បាយរីករាយទំាងអស់គ្នា។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល  មានប្រសាសន៍ថា៖ ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានភាពល្បីល្បាញ សម្បូរណ៌ទៅដោយទូក ដែលមានល្បឿនលឿនជាងគេ ទំាងនៅក្នុងសម័យសង្គមរាស្រ្តនិយម រហូតមកដល់សម័យបច្ចុប្បន្ន។ ឯកឧត្តមបណ្ឌិតមានជំនឿជឿជាក់ថា ទូកខេត្តកំពង់ធំ នឹងអាចដណ្តើមយកជ័យជំនះបានច្រើនលើសលុប ក្នុងថ្ងៃខាងមុខនេះ ជាក់ជាមិនខានឡើយ។ ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលនឹងត្រូវប្រារព្វធ្វើនៅថ្ងៃទី ០២-០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ គឺដើមី្បរំលឹក និងគោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជីវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក កម្ចាត់ពួកសត្រូវឈ្លានពាន ការពារទឹកដី ។

ទន្ទឹមគ្នានេះដែរ គឺដើម្បីបង្ហាញពីសុខសន្តិភាពពេញលេញ ភាពសម្បូរសប្បាយ របស់ប្រជាពលរដ្ឋខ្មែរទូទំាងប្រទេស លែងមានការភ័យខ្លាចក្នុងការធ្វើដំណើរ និងសុវត្ថិភាពទៀតឡើយ ។ ក្នុងនោះ ឯកឧត្តមបណ្ឌិតបានផ្តាំផ្ញើដល់ក្មួយៗ ដែលជាកីឡាករទំាងអស់ ត្រូវតែរក្សាវិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ទទួលទានស្អាត មានអនាម័យ និងចូលរួមចំណែក ក្នុងការថែរក្សាបរិស្ថានឲ្យបានល្អផងដែរ។ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភ អង្ករ ៥តោន មី ៨០កេស ទឹកស៊ីអ៊ីវ ៨០យួរ ទឹកសុទ្ធ ៣០០យួរ និងថវិកាចំនួន ២,០០០ដុល្លារ ។ ជាមួយគ្នានោះដែរ ក្រុមហ៊ុន ជីបម៉ុងគ្រុប ក៏បានឧបត្ថម្ភ ទឹកផ្លែឈើចំនួន ៤៥០កេស ទឹកសុទ្ធ ៧៣៨យួរ អាវ ១,២៥៤អាវ មួក ១,២៥៤មួក ផងដែរ៕