ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភាជាតិ អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា នៅវត្តឥន្រ្តីយ៍សំវរៈ (វត្តកំពង់ធំ) ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

155

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភាជាតិ អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំខេត្ត នៅព្រឹកថ្ងៃព្រហស្បត៍ ទី១២ កើត ខែមិគសិរ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មី នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ បានលើកឡើងថា វត្តកំពង់ធំ ត្រូវបានកសាងឡើងក្នុង ព.ស ២១៧៧ ត្រូវនឹង គ.ស ១៦៣៣ ដោយលោកឧកញ៉ាតេជោបូរារាជមាស និងលោកជំទាវ ស្រែន និងលើកឡើងពីប្រវត្តិនៃការកសាង សមិទ្ធិផលផ្សេងៗ ដែលបានលេចចេញជារូបរាងជាបន្តបន្ទាប់ ក្នុងនោះឯកឧត្តមបានបញ្ជាក់ពីមូលហេតុ នៃការរុះរើព្រះវិហារចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ជាពិសេសដំបូលព្រះវិហារលិចគ្រប់កន្លែង តាំងពីឆ្នាំ២០០៩មកម្លេះ។ ចំពោះការសាងសង់ព្រះវិហារថ្មីនេះ មានបណ្តោយប្រវែង ៣៩.៣៦ម៉ែត្រ និងកំពស់ ៤១ម៉ែត្រ ដែលមានការចូលរួមចាប់មគ្គផលពីសម្បុរសជនគ្រប់ទីកន្លែងផងដែរ។

ក្នុងឱកាសប្រារព្ធពិធីនេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍សំណេះសំណាល និងសាកសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានអញ្ជើញចូលរួមកម្មវិធីនាពេលនេះ ញ៉ាំងឲ្យពិធីកាន់តែមាន ភាពមហោឡារិកអធិកអធមថែមទៀត។ ឯកឧត្តមបានបន្តទៀតថា ព្រះវិហារថ្មីនេះ ដែលនឹងចាប់ផ្តើមសាងសង់បន្ទាប់ពី ពិធីបញ្ចុះបឋមសិលានេះ នឹងក្លាយទៅទីសក្ការៈបូជា របស់បងប្អូនប្រជាពលរដ្ឋ និងទុកជាសម្បត្តិជាតិ ជាពិសេសជាសមិទ្ធិផលមួយដ៏ធំរបស់វត្តឥន្ទ្រីយ៍សំវរៈផងដែរ ហើយក៏អាចឆ្លុះបញ្ចាំងបានថា ក្រុងស្ទឹងសែន មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមបន្ថែមទៀតថា ប្រទេសមួយដែលមានការអភិវឌ្ឍន៍រីកចំរើន លុះត្រាតែក្នុងប្រទេសនោះមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប៉ុន្តែបើប្រទេសមិនមានសុខសន្តិភាព ប្រជាពលរដ្ឋមិនមានសិទ្ធសេរីភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍន៍រីកចំរើនដែរ ដូច្នេះសុខសន្តិភាពជាកត្តាចំបង ក្នុងការអភិវឌ្ឍន៍ប្រទេស ហើយឯកឧត្តមក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព ដែលមាននៅក្នុងប្រទេសកម្ពុជាយើងឲ្យនៅស្ថិតស្ថេរគង់វង់យូរអង្វែងតទៅទៀត សម្រាប់អគនាគតកូនចៅយើងទំាងអស់គ្នា។

ក្រោយពីសំណេះសំណាលរួចមក ឯកឧត្តមបណ្ឌិតបានប្រគេនបច្ច័យជូនវត្តកំពង់ធំ ចំនួន ២០លានរៀល ឧបត្ថម្ភសាលាក្រុងស្ទឹងសែន ១លានរៀល ឧបត្ថម្ភសាលាសង្កាត់ព្រៃតាហ៊ូ ១លានរៀល តាជី យាយជី ១០០នាក់ ក្នុងម្នាក់ទទួលបាន ក្រណាត់ស១ដុំ ថវិកា ១ម៉ឺនរៀល ឧបត្ថម្ភប្រជាពលរដ្ឋ ១០០០នាក់ ក្នុងមួយនាក់ទទួលបាន សារ៉ុង ១ ជូនលោកគ្រូ អ្នកគ្រូ ក្នុងសង្កាត់ព្រៃតាហ៊ូ ៥៦នាក់ ក្នុងមួយនាក់ទទួលបាន ២ម៉ឺនរៀល ឧបត្ថម្ភយុវជនស្ម័គ្រចិត្ត កាកបាទក្រហម និងយុវជនកាយរិទ្ធ ៥០នាក់ ក្នុងមួយនាក់ទទួលបាន ១ម៉ឺនរៀល និងឧបត្ថម្ភសិស្សានុសិស្ស ចំនួន ៥១៣នាក់ ក្នុងមួយនាក់ទទួលបាន សៀវភៅ ១ក្បាល ប៊ិច ១ដើម និងថវិកា ៥ពាន់រៀល។