ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តទួលដំណាក់ ខេត្តកំពង់ធំ

196

សមិទ្ធផលជាច្រើនដែលបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ១៨ម៉ឺនដុល្លារ សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា ក្នុងការគោរពប្រតិបត្តិរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងវត្តទួលដំណាក់ថ្មី ស្ថិតនៅឃុំចុងដូង ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រារព្ធពិធីបុណ្យពុទ្ធាភិសែកសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានាដាក់ឲ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា។

លោក ហាក់ ម៉ុងហ៊ួត អភិបាលស្រុកបារាយណ៍ បានអញ្ជើញអានសន្ទរកថាស្វាគមន៍ និងរបាយការណ៍ សាងសង់សមិទ្ធិផលនានា វត្តទួលដំណាក់ថ្មីនេះ ដោយមានការផ្តួចផ្តើមចូលរួមយ៉ាងសកម្ម របស់ឯកឧត្ដមបណ្ឌិតងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា និងជាអ្នកដំណាងរាស្រ្តមណ្ឌលកំពង់ធំ ព្រមទាំងពុទ្ធបរិស័ទ ក្នុងប្រទេសនិងក្រៅប្រទេសផងនោះ បានចូលរួមកសាងសមិទ្ធផលជាច្រើនរួមមានកុដិធំ កុដិតូច បន្ទប់អនាម័យចំនួន១០បន្ទប់ និងកសាងសាលាឆាន់ ទំហំ ៣៧ម៉ែត្រ x ១៧ម សរុបទឹកប្រាក់ទាំងអស់ចំនួន ១៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក។

 

 

 

 

 

ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា មានប្រសាសន៍ក្នុងអង្គពិធីលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធដ៏ស្កឹមស្កៃក្នុងវិស័យព្រះពុទ្ធសាសនា ដែលលេចជារូបរាងនាឱកាសនេះ បានបង្ហាញពីការរីកចម្រើនវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាកំលាំងចលករដឹកនាំក្រមចរិយាធម៍សង្គម ឲ្យមនុស្សគ្រប់រូបដើរតាមផ្លូវល្អ ធ្វើអំពើល្អ ស្គាល់បាប ស្គាល់បុណ្យ មិនតែប៉ុណ្ណោះព្រះពទ្ធសាសន៍ត្រូវបានចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់មនុស្សឲ្យចេះស្គាល់ខុស ស្គាល់ត្រូវ ចេះសាមគ្គីភាព រួមគ្នាថែរក្សានូវសុខសន្តិភាព ស្ថេរភាព ដើម្បីលើកស្ទួយការកសាងជាតិឆ្ពោះទៅរកសេចក្ដីថ្លៃថ្នូ និងការអភិវឌ្ឍន៍ ប្រជាពលរដ្ឋបានថ្គំថ្កើនរុងរឿងសំបូរសប្បាយផងដែរ។

ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ជម្រាបជូនពីការវិវត្តសភាពការណ៍ថ្មីៗ ពិសេស គឺព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤កន្លងមក ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ខាងមុខនេះ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវទៅចូលរួមបោះឆ្នោតដោយផ្ទាល់ ដើម្បីជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦របស់ខ្លួន ក្នុងការបំពេញកាតពកិច្ចនិងប្រើប្រាស់សិទ្ធិជាប្រជាពលរដ្ឋ ក៏ដូចជាការគិតអំពីជោគវាសនារបស់ខ្លួន និងប្រទេសជាតិផងដែរ ហើយចំពោះអ្នកដែលរារាំងមិនអោយប្រជាជនទៅបោះឆ្នោត គឺជាអំពើខុសច្បាប់ និងត្រូវអនុវត្តការដាក់ទោសទណ្ឌទៀតផង។ ឯកឧត្ដមបណ្ឌិតបានមាប្រសាសន៍បញ្ចាក់ថា ប្រពៃណីទំនៀមទម្លាប់នៃការប្រារព្ធពិធីបុណ្យនានាតាមបែបព្រះពុទ្ធសាសនា ដោយភ្ជាប់ទៅនិងគុណបំណាច់ដែលយើងមិនអាចបំភ្លេចបាន គឺស្នាដៃក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូសាសន៍ប៉ុលពត និងបានដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃនេះ។

 

 

 

 

 

 

 

 

ចុងបញ្ចប់នៃពិធីឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អញ្ជើញបំពាក់គ្រឿងឥស្សរិយសមេដាយស្ថាបនាជាតិ ប្រគេនចែកជូនថវិកានិងសម្ភារៈចំពោះព្រះសង្ឃ មន្ត្រីរាជការនិងប្រជាពលរដ្ឋ ព្រមទាំងអញ្ជើញកាត់ខ្សែបូរណ៍សម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានាក្នុងឱកាសនោះផងដែរ៕