ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករទូកខេត្តកំពង់ធំ នៅតំបន់ OCIC តំបន់ក្រុងរណបជ្រោយចង្វារ និងសាលាវិទ្យាល័យជាស៊ីមជ្រោយចង្វារ

84

ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា អញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីសំណេះសំណាលជាមួយតំណាងកីឡាករអុំទូកខេត្តកំពង់ធំ នៅទីតំាងតំបន់ OCIC បរិវេណទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ និងសាលាវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដោយមានការចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទំាងគណៈកម្មការដឹកនាំទូកខេត្តទំាងអស់ និងក្រុមកីឡាករទូក។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានអានរបាយការណ៍សង្ខេបអំពីស្ថានភាពកីឡាករអុំទូកខេត្តកំពង់ធំ ដែលគណៈកម្មការខេត្តដឹកនាំទូកមកចូលរួម សុរប ចំនួន ១០ទូក មានទូកវែង ចំនួន ៦ទូក ទូកមួងបុរស ចំនួន ០២ទូក ទូកខ្នាតអន្តរជាតិ ចំនួន ០២ទូក ក្នុងនោះ ទូកមកពីស្រុកកំពង់ស្វាយ មានចំនួន ២ទូក ក្រុងស្ទឹងសែន ១ទូក ស្រុកប្រាសាទសំបូរ ៣ទូក ស្រុកសន្ទុក ១ទូក និងស្រុកបារាយណ៍ ៣ទូក ដែលមានកំលំាងអុំពិត ចំនួន ៥៥៩នាក់ កំលំាងត្រៀម ចំនួន ១២៩នាក់ សរុបចំនួន ៦៨៨នាក់។ ទន្ទឹមនោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ជាពិសេសឯកឧត្តមបណ្ឌិត ងួន ញ៉ិល និងឯកឧត្តម ថោង ខុន ដែលតែងតែគាំទ្រ ឧបត្ថម្ភទាំងសម្ភារៈ និងថវិកា ទាំងនៅពិធីអុំទូកថ្នាក់ខេត្ត និងថ្នាក់ជាតិ ជាពិសេសនៅថ្ងៃនេះ ដើម្បីឲ្យព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយជោគជ័យ និងសប្បាយរីករាយទំាងអស់គ្នា។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍លើកឡើងថា ឆ្នាំនេះ ទូកចូលរួមនៅថ្នាក់ជាតិសរុបចំនួន ២៩៥ទូក ទូកពិសេស ចំនួន ៨៦ទូក ចំណុះអុំសរុបចំនួន ១៩,០៧៩នាក់ និងកម្លំាងត្រៀម ចំនួន ៣,៥៤៦នាក់។ ជាមួយគ្នានោះ ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានភាពល្បីល្បាញ សំបូរទៅដោយទូក ដែលមានល្បឿនលឿនជាងគេទំាងនៅក្នុងសម័យសង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ននេះ និងមានជំនឿថា ទូកខេត្តកំពង់ធំ នឹងអាចដណ្តើមជ័យជំនះច្រើនលើសលុប ជាក់ជាមិនខានឡើយ។ ហើយការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជីវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិយើង។ ម្យ៉ាងវិញទៀត ដើម្បីបង្ហាញពីប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ សម្បូរសប្បាយ របស់ប្រជាពលរដ្ឋទូរទំាងប្រទេស អាចធ្វើដំណើរកំសាន្តសប្បាយនៅគ្រប់ទីកន្លែង ដោយមិនមានការភ័យខ្លាចឡើយ។

ចុងក្រោយ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់កីឡាករអុំទូកទំាងអស់ ត្រូវគោរពនូវវិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ហូបចុកប្រកបដោយអនាម័យ ចូលរួមចំណែកថែរក្សាបរិស្ថានឲ្យបានល្អ មិនត្រូវបោះចោលថង់ផ្លាស្ទិច ឬដបទឹកសុទ្ធនៅក្រៅធុងសម្រាម បន្ទោបង់ក្រៅបង្គន់អនាម័យ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន។ ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតបានឧបត្ថម្ភនូវ អង្ករ ៥តោន មី ៨០កេស ទឹកស៊ីអ៊ីវ ៨០យួរ ទឹកត្រី ៨០យួរ ទឹកសុទ្ធ ៣០០យួរ និងថវិកា ៣ពាន់ដុល្លារ៕