ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញចូលរួមក្នុងពិធីបិទការប្រណាំងទូក ង នៅខេត្តកំពង់ធំ និងប្រគល់ជ័យលាភី

221

នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភាជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតការប្រណាំងទូក-ង នៅខេត្តកំពង់ធំ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូន ប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ អង្គការសង្គមស៊ីវិល សប្បុរសជនទាំងអស់ និងភ្ញៀវជាតិ-អន្តរជាតិ ប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ថា ការបង្ករភាពសប្បាយថ្ងៃនេះ ក៏អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាពបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជីវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះ ជូនជាតិមាតុភូមិយើង។

ក្នុងគោលបំណងដើម្បីអបអរពិធី បុណ្យចេញព្រះវស្សា និងដើម្បីបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋទូទាំងខេត្ត និងបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងវឹងហាត់បន្តទៀត ដើម្បីជ្រើសរើសទូកងដែលមាន ល្បឿនលឿន និងមធ្យម សម្រាប់ទៅចូលរួម ក្នុងពិធីប្រណាំងទូកងនៅថ្ងៃបុណ្យអុំទូក អកអំបុក បណ្តែតប្រទីត និងសំពះព្រះខែនៅថ្ងៃទី ២-៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ នៅរាជធានីភ្នំពេញ។

នៅក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានផ្តល់រង្វាន់ជានិម្មិតរូបដល់ទូក-ង ប្រភេទខ្នាតអន្តរជាតិ ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន ៣ទូក លេខ២ មានចំនួន ៣ទូក និងលេខ៣ មានចំនួន ៣ទូក ទូកផ្កាចា ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន ៣ទូក លេខ២ មានចំនួន ៣ទូក និងលេខ៣ មានចំនួន ២ទូក ទូកងខ្នាតវែង ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន ២ទូក លេខ២ មានចំនួន ២ទូក និងលេខ៣ មានចំនួន ២ទូក ទូកមួងប្រភេទបុរស ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន ១ទូក និងលេខ២ មានចំនួន ១ទូក ។