ឯកឧត្តមបណ្ឌិត ថោង ខុន ជួបសំណេះសំណាលជាមួយ ប្រជាសហគមន៍ទេសចរណ៍​ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ

50

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីសំណេះសំណាលជាមួយ ប្រជាសហគមន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក ក្រោម​អធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូន​ប្រជាសហគមន៍​ទេសចរណ៍​ប្រាសាទសំបូរព្រៃគុក ត្រូវខិតខំសកម្មចូលរួមថែរក្សា អភិរក្ស ប្រាសាទសំបូរព្រៃគុករបស់យើងឲ្យបានល្អ ហើយកិច្ចការ​នេះគឺត្រូវផ្ដើមចេញពីបងប្អូនដែលរស់នៅក្នុង​សហគមន៍តំបន់​ប្រាសាទសំបូរព្រៃគុកនេះមុនគេ។ ពិធីសំណេះ​សំណាលនេះ ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណប្រាសាទសំបូរព្រៃគុក ដោយមានការចូលរួមពីអាជ្ញាធរ​ប្រាសាទសំបូរព្រៃគុក រដ្ឋបាលស្រុក​ប្រាសាទសំបូរនិងបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាសហគមន៍ទេសចរណ៍​ប្រាសាទ​សំបូរព្រៃគុក ប្រមាណជាង ២០០នាក់។

ឯកឧត្តម សុខ លូ បានថ្លែងបន្តថា តំបន់ប្រាសាទសំបូរព្រៃគុក ក្រោយពីដាក់ចូលជាបេតិកភណ្ឌពិភពលោករួចមក គឺមានអាជ្ញាធរប្រាសាទសំបូរពៃ្រគុកជាអ្នកគ្រប់គ្រង រាល់ការលក់ដូរ និងការសាងសង់សំណង់នានានៅក្នុងបរិវេណនេះ។ ដូច្នេះមុននឹងបងប្អូនធ្វើការសាងសង់អ្វីមួយ ត្រូវសុំច្បាប់ពីអាជ្ញាធរប្រាសាទសំបូរព្រៃគុកជាមុន ដើម្បីឲ្យអ្នកជំនាញ​ចុះទៅ​ពិនិត្យ ប្រសិនបើមិនប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌនៅក្រោមដីទេ អាជ្ញាធរប្រាសាទសំបូរពៃ្រគុក​នឹងអនុញ្ញាតឱ្យសាងសង់ ហើយបងប្អូនត្រូវសាងសង់តាមប្លង់គំរូដែលអាជ្ញាធរផ្ដល់ជូន បងប្អូនមិនអាចសាងសង់តាមអ្វីដែលបងប្អូន​ចង់ធ្វើនោះទេ។ ការរៀបចំដូចនេះ គោលបំណងគឺចង់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនា​ប្រាសាទ​សំបូរព្រៃគុក​របស់​យើង។ ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា កន្លងមកមានការលើកឡើងពីសំណាក់បងប្អូនប្រជាពលរដ្ឋអំពីបញ្ហារ​ផ្លូវឆ្លង​កាត់​​ប្រាសាទសំបូរព្រៃគុកបច្ចុប្បន្ននេះ ថាអាជ្ញាធរស្រុក ខេត្ត មិនយកចិត្តទុកដាក់ធ្វើផ្លូវក្រាលកៅស៊ូតភ្ជាប់នោះ ជាការ​ឆ្លើយតប ឯកឧត្តមបានបញ្ជាក់ច្បាស់ថា ការកសាងផ្លូវនេះមិនមែនជា​សមត្ថកិច្ចរបស់អាជ្ញាធរស្រុក ខេត្តនោះទេ គឺជា​សមត្ថកិច្ចរបស់អាជ្ញាធរជាតិសំបូរព្រៃគុក ហើយបច្ចុប្បន្ននេះអាជ្ញាធរជាតិសំបូរព្រៃគុក ដោយបានការឯកភាពរួចហើយពី​រាជរដ្ឋាភិបាល​នឹងកសាង​ផ្លូវថ្មីមួយវៀងតំបន់ប្រាសាទសំបូរព្រៃគុកនេះ សម្រាប់រថយន្តធន់ធំឆ្លងកាត់ រីឯផ្លូវដែលកំពុង​ប្រើឆ្លងកាត់​ប្រាសាទសំបូរព្រៃគុកបច្ចុប្បន្ននេះនឹងធ្វើ ដែលគម្រោងកសាងផ្លូវខាងលើនេះ នឹងធ្វើឡើងនៅចុងឆ្នាំនេះ ឬឆ្នាំក្រោយ​តែម្តង។ ឯកឧត្តមក៏បញ្ជាក់បន្ថែមថា កាលណា យើងមិនខិតខំ រក្សានិរន្តរភាពតំបន់ប្រាសាទសំបូរព្រៃគុកនេះទេ អង្គការយូណេស្កូអាចនឹងលុបតំបន់ប្រាសាទនេះចេញពី​បញ្ជីបេតិកភណ្ឌពិភពលោក​ជាក់ជាមិនខាន នេះជាលក្ខខណ្ឌ​មួយ​ដែល​​គេតម្រូវឱ្យធ្វើ ទាំងនេះហើយបានជាអាជ្ញាធរសំបូរព្រៃគុកចាំបាច់ត្រូវចាត់វិធានការ និងគ្រប់គ្រងតឹងរឹងបែបនេះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ប្រជាសហគមន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុកយល់ពីបញ្ហានេះ ហើយខិតខំ ចូលរួមថែរក្សា ហើយសហការគ្នាឱ្យបានល្អ មួយវិញទៀតបងប្អូនត្រូវជឿជាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថែរក្សាសុខសន្តិភាព ដែលយើងរកបានដោយលំបាកមកនេះឱ្យបានគង់វង្ស។

ក្រោយពីស្ដាប់នូវរបាយការណ៍ ការលើកឡើងរបស់ប្រជាសហគមន៍ និងមតិរបស់ឯកឧត្តមអភិបាលខេត្តរួចមក ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចេញដំណោះស្រាយភ្លាមៗ ដោយបញ្ជាទៅមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះជួយសម្រួលមធ្យោបាយជូនប្រជាសហគមន៍ឱ្យបានសម្រេច។ ឯកឧត្តមបណ្ឌិត ក៏បានឯកភាព​ជាមួយឯកឧត្តម​អភិបាល​ខេត្ត នៅចំពោះមុខប្រជាសហគមន៍ផងដែរ ដោយប្ដេជ្ញាជំរុញការអភិវឌ្ឍសិប្បកម្មផលិតគ្រាប់ស្វាយចន្ទីនេះ ឱ្យបាន​សម្រេច​ជាផ្លែផ្កា។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យប្រជាសហគមន៍ ខិតខំដាំដើមរពាក់ ដើមឫស្សីឱ្យបានច្រើនឡើងវិញ ដើម្បីទុកប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិត ជាផលិតផលតម្បាញនានា ហើយត្រូវខិតខំដាំដុះដំណាំ និងចិញ្ចឹមសត្វ ធ្វើជាវត្ថុធាតុដើមក្នុងការផលិតជាផលិតផល សេវាកម្មម្ហូបអាហារ ដើម្បីបម្រើដល់តម្រូវការភ្ញៀវទេសចរ។

ថ្នាក់ដឹកនាំទាំងពីរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់បន្ថែមលើគុណភាពសេវា អនាម័យចំពោះ​ផលិតផល​របស់ខ្លួន ដែលលក់ជូនភ្ញៀវទេសចរ ដើម្បីអន្ទងចិត្តពួកគេឱ្យមកទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក នាពេលក្រោយៗទៀត ព្រមទាំងជំរុញទឹកចិត្តឱ្យពួកគេជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ក្នុងតំបន់នេះផងដែរ៕