សាខាកាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះចំនួន២ខ្នង អណ្តូងស្នប់ចំនួន១ ដល់គ្រួសារដែលមានជីវភាពខ្វះខាត​ចំនួន ២គ្រួសារ និងផ្តល់អំណោយជូនដល់​ចាស់ជរា​គ្មានទីពឹងចំនួន ១៨គ្រួសារ នៅស្រុកកំពង់ស្វាយ

34

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញចូលរួមប្រគល់ផ្ទះចំនួន ២ខ្នង អណ្តូងស្នប់ចំនួន១ ដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ និងផ្តល់អំណោយជូនដល់ចាស់ជរាគ្មានទីពឹងចំនួន ១៨គ្រួសារ នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២០ ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បន្ថែមទៀតថា ផ្ទះថ្មីចំនួន២ខ្នង ដែលទើបសាងសង់រួច មានទំហំ៤x៦ម៉ែត្រ សាងសង់ពីឈើ រនាបក្រាលក្ដារ ជញ្ជាំងក្តារ និងដំបូលប្រក់ស័ង្កសី អណ្តូងស្នប់ចំនួន១ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត​ចំនួន ២គ្រួសារ ទី១. ឈ្មោះ ឈួន វ៉េត ភេទប្រុស អតីតយុទ្ធជនពិការជើង ទី២. ឈ្មោះ អ៊ុល វ៉ាន់ ភេទស្រី អ្នកទាំងពីររស់នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងផ្តល់អំណោយជូនដល់​ចាស់ជរា​គ្មាន​ទីពឹង ដែលមានជីវភាពខ្វះខាតចំនួន ១៨គ្រួសារបន្តទៀត ដោយមិនទុកឲ្យគ្រួសារណាម្នាក់ដាច់ស្បៀង ដោយមិន​បានដោះស្រាយជូនពួកគាត់នោះទេ ទីណាមានការលំបាកទីនោះមានមន្រ្តីកាកបាទក្រហមកម្ពុជា​ជាប់​ជានិច្ច។

ក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ បានពាំនាំនូវការសាកសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាង​ជ្រាលជ្រៅពី សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូន​ប្រជាពលរដ្​ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ បច្ចុប្បន្​ននេះ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងតែមានការរីករាលដាលទូទាំងពិភពលោក គួរឲ្យព្រួយបារម្ភ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងវិញ ទោះបីជាមិនទាន់មានពលរដ្ឋខ្មែរណាម្នាក់ ស្លាប់ដោយសារជំងឺ​កូវីដ-១៩ក៏ពិតមែន តែពលរដ្ឋខ្មែរម្នាក់ៗ ត្រូវតែគោរពតាមការណែនាំ និងវិធាននានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលតែងតែផ្សព្វផ្សាយជូនជារៀងរាល់ថ្ងៃ ព្រោះយើងពុំដឹងថា អ្នកណាមានជំងឺ ឬមិនមានជំងឺកូវីដ-១៩ឡើយ ដែលអាចឆ្លងគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសនៅពេលខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលបានផ្ដល់នូវថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ (១៧-២១ ខែសីហា) ជំនួសឱ្យថ្ងៃចូលឆ្នាំខ្មែ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាអនាម័យជាប់ជានិច្ច ត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែងទប់មាត់នៅពេលក្អក ឬកណ្តាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជៀសអោយឆ្ងាយ​ពី​គ្រឿងញៀន ។ បន្ថែមពីនេះ សូមបងប្អូនប្រជាពលរដ្ឋ មានស្មារតី ប្រុងប្រយ័ត្ន ពីជំងឺគ្រុនឈាម នារដូវវស្សា នេះជាពិសេស ការកើតឡើងវិញនូវជំងឺគ្រុនឈីក ដែលប្រឈមទៅនឹងហានិភ័យ ឆ្លងរាលដាល​ពី​មនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតតាមរយៈមូសខ្លាញី និងសំអាតបរិវេណជុំវិញផ្ទះ ដោយកំចាត់ចោល​រាល់​វត្ថុដែល​អាចដក់​ទឹក​បានត្រូវដេកក្នុងមុង (ទាំងថ្ងៃយប់) ត្រូវស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាក នៅកន្លែង​ដែល​មិនមាន​ពន្លឺ គ្រប់គ្រាន់នោះទេ ។

ចុងបញ្ចប់ឯកឧត្តម សុខ លូ ព្រមទាំងសហការី ប្រគល់ផ្ទះជូនប្រជាពលរដ្ឋទាំង២គ្រួសារ អណ្តូងស្នប់ចំនួន១ និងចែកអំណោយជូនដល់ចាស់ជរាគ្មានទីពឹង ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១ឡូត៍ មី១កេស កន្ទេលចំនួន ១ ឃីត ១កញ្ចប់ និង ច្រាសដុះខោអាវ១ សាប៊ូ១ដុំ ។