ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញជាអធិបតី ក្នុងកម្មវិធីទស្សនកិច្ចសិក្សា ស្វែងយល់អំពីការ​អនុវត្តគណនេយ្យភាពសង្គម ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

213

វេទិកាសិក្សាស្វែងយល់ អំពីដំណើការអនុវត្តការងារគណនេយ្យភាពសង្គម របស់គណៈកម្មាធិការគ្រប់គ្រង ការអនុវត្តផែនការយុទ្ធសាស្រ្ត គណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (I-SAF PSC) ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅរដ្ឋបាលឃុំត្បែង ស្រុកកំពង់ស្វាយ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង ការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ អមដំណើរដោយឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងមានអ្នកចូលរួមប្រមាណជិត ២០០នាក់។

លោក ជា គឹមថាន ប្រធានជាន់ខ្ពស់ប្រចាំតំបន់ព្រះវិហារ កំពង់ធំ នៃអង្កការទស្សនៈពិភពលោកអន្តរជាតិ កម្ពុជា បានលើកឡើងថា ផែនការគណនេយ្យភាពសង្គមថ្នាក់ក្រោមជាតិ ដែលជាតំណាងអង្កការសង្គមស៊ីវិល ក្នុងកម្មវិធីបេសកកម្មសិក្សាស្វែងយល់ការអនុវត្តន៍ផែនការគណនេយ្យសង្គម គឺអនុវត្តជាក់ស្តែង នូវបទពិសោធន៍ល្អ បញ្ហាប្រឈមនានាដែលជួបប្រទះនៅមូលដ្ឋាន និងពិភាក្សា ស្វែងរកដំណោះស្រាយ សំណូមពរ របស់ប្រជពលរដ្ឋ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការរវាងអង្កការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌលទ្ធិប្រជាធិបតេយ្យ ដើម្បីលើកទឹកចិត្តឲ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទំាងអស់ រាប់ទំាងប្រជាពលរដ្ឋ និងអាជ្ញាធររដ្ឋបាល ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រុមប្រឹក្សាឃុំ សាលាបឋម និងមណ្ឌលសុខភាព។

ឯកឧត្តម ងី ច័ន្ទ្រផល មានប្រសាសន៍លើកឡើងថា នៅក្នុងឆ្នាំ២០១៧នេះ ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម និងកំពុងអនុវត្តក្នុងស្រុកគោលដៅចំនួន ៩៨ នៃខេត្តចំនួន ១៨ ដែលមានអង្កការសង្គមស៊ីវិល ចំនួន ៥ ដោយឡែកក្នុងខេត្តកំពង់ធំ កំពុងអនុវត្តទៅលើស្រុកចំនួន៦ស្រុក ក្នុងចំណោមស្រុកទំាងប្រាំបីរួមមាន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក ស្រុកបារាយណ៍ និងស្រុកសណ្តាន់ ទៅលើឃុំចំនួន ៦៨ឃុំ មណ្ឌលសុខភាព ចំនួន ៤៤មណ្ឌល និងសាលាបឋមសិក្សា ចំនួន ៤៦សាលា។

ឯកឧត្តមបន្ថែមទៀតថា ដើម្បីវាស់ស្ទង់អំពីគុណភាពនៃការអនុវត្តគណេយ្យភាពសង្គម ឲ្យមាប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ដែលឆ្លុះបញ្ចំាងប្រាំចំណុច រួមមាន៖ ១). គុណភាពព័ត៌មាន ២). ភាពងាយស្រួលក្នុងការទទួលសេវា ៣). ការយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា ៤). សេវាផ្តល់តាមគោលការណ៍កំណត់ និងមានអភិបាលកិច្ចល្អ ៥). យន្តការទទួលព័ត៌មានត្រលប់ និងបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវា។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា គណនេយ្យភាពសង្គម ដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ លទ្ធិប្រជាធិបតេយ្យ ហើយជាឧបករណ៍ដ៏សំខាន់ ក្នុងការរួមចំណែកពង្រឹងអភិបាលកិច្ចល្អ តាមបែបលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់មូលដ្ឋាន តាមរយៈការទទួលបាន និងផ្តល់ព័ត៌មានពីប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ប្រជាពលរដ្ឋ មានសិទ្ធិបញ្ចេញមតិយោបល់លើបញ្ហា និងការអភិវឌ្ឍន៍ ភូមិ-ឃុំរបស់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ ប្រជាពលរដ្ឋក្នុងដំណើរការពិភាក្សា ចរចារ ធ្វើឲ្យមានភាពប្រសើរឡើង៕