ឯកឧត្តម ងួន សុជាតិ និងលោកជំទាវ បានដឹកនាំសហការី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២៩នាក់ ចុះសួរសុខទុក្ខ និងព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

173

ដោយវិស័យសុខាភិបាលជាវិស័យស្នូលដ៏សំខាន់ ក្នុងចំណោមវិស័យស្នូលទាំងបួនរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីអនុវត្តន៍ប្រកបដោយស្ថេរភាព និរន្តភាព ប្រសិទ្ធិភាព ក្នុងអនុវត្តន៍ការងារសុខាភិបាល ក៏ដូចជាចូលរួមលើកស្ទួយសុខភាពប្រជាពលរដ្ឋ ក្នុងសហគមន៍ និងការអភិវឌ្ឍន៍ប្រទេសជាតិ ។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំ និងលោកជំទាវ បានដឹកនាំសហការី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២៩នាក់ ក្នុងការចុះសួរសុខទុក្ខ និងព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កម្មវិធីនេះមានកិច្ចសហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ដែលមានឯកឧត្តម ជា វ៉ាន់ចាន់ ជាប្រធាន ។

អ្នកគ្រូពេទ្យ បាន រតនា ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងឯកឧត្តម ជា វ៉ាន់ចាន់ បានមានប្រសាសន៍ស្រដៀងគ្នាដោយលើកឡើងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាថ្ងៃនេះមានចំនួនសរុប ២៩នាក់ ក្នុងនោះជនជាតិ កម្ពុជាមាន ២០នាក់ និងជនជាតិសឹង្ហបុរី ០៩ នាក់ រីឯការពិនិត្យ និងព្យាបាល នៅពេលនេះមានរយៈពេលពេញមួយថ្ងៃចាប់តាំងពីម៉ោង ៨:30នាទីព្រឹក រហូតដល់ម៉ោង ៤ល្ងាច ដែលមានប្រជាជនសរុបចំនួន ៥១៩នាក់ បានទទួលការពិនិត្យ ពិគ្រោះ ព្យាបាល និងផ្តល់ថ្នាំសម្រាប់យកទៅព្យាបាលមួយចំនួន ។ ការពិនិត្យនេះ ទៀតសោត គឺយើងធ្វើការពិនិត្យសំខាន់លើ សុខភាពភ្នែក សុខភាពមាត់ធ្មេញ និងជម្ងឺទូទៅផងដែរ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ងួន សុជាតិ សម្តែងនូវសេចក្តីសោមនស្សរីករាយ ដោយលើកឡើង នូវការកោតសរសើរពីទឹកចិត្ត និងមនសិការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលលះបង់នូវពេលវេលាក្នុងស្មារតីជួយជ្រោមជ្រែងសុខភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុង ស្រុកកំពង់ស្វាយ ក៏ដូចជាខេត្តកំពង់ធំយើងទាំងមូល ក្នុងការធ្វើការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ នេះជាការជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ មិនតែប៉ុណ្ណោះភាពយកចិត្តទុកដាក់ ក្នុងការថែរក្សានូវប្បធម៌ជួយគ្នា និងមានក្រមសីលធម៌ក្នុងការព្យាបាល បងប្អូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់នេះ គឺបានឆ្លុះបញ្ចាំងពីទង្វើ ដែលជាបុណ្យកុសលមិនអាចកាត់ថ្លៃបាន ព្រោះថា បើបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ ហាក់បីដូចមានទ្រព្យសម្បត្តិមហាសាលមិនអាចកាត់ថ្លៃបាន ។

ឯកឧត្តម បានបន្ថែមថា ការផ្តល់សេវាពិគ្រោះ និងព្យាបាលជម្ងឺដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គឺពិតជាមានសារប្រយោជន៍ខ្លាំងណាល់ ក្នុងការជួយថែរក្សា និងទប់ស្កាត់រាល់ជម្ងឺដង្កាត់ផ្សេងៗ មិនឲ្យមាន ការរាតត្បាតឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត ។ ដោយការព្យាបាលមានភាពឆាប់រហ័ស និងទាន់ពេលវេលា រីឯការផ្តល់សេវាពិគ្រោះ និងព្យាបាលជម្ងឺនៅ តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក៏មានសារសំខាន់ណាស់ដែរ ព្រោះមានការយកចិត្តទុកដាក់ដល់សុខភាពកុមារ តាមរយៈការចាក់ថ្នាំ បង្ការ ១១មុខ និងអាហាររូបត្ថម្ភ ការយកចិត្តទុកដាក់ដល់សុខភាពស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីជាម្តាយតាមរយៈការពិនិត្យសុខភាពមុនពេលសម្រាល និងក្រោយពេលសម្រាល ការសម្រាលកូន ដោយបុគ្គលិកជំនាញ ការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងជាដើម ។

ដូច្នេះក្រុមគ្រូពេទ្យទាំងអស់ត្រូវយកចិត្ត ទុកដាក់ក្នុងការផ្តល់នូវ សេវាថែទាំ ព្យាបាល ប្រកបដោយ គុណធម៌ ក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព សមធម៌ជូនដល់ប្រជាពលរដ្ឋទូរទៅ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ។

លើសពីនេះទៅទៀតការផ្តល់សេវាសាធារណៈ ក្នុងវិស័យសុខាភិបាលតាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ការពិគ្រោះ ពិនិត្យ និងព្យាបាល តាមសហគមន៍នេះ នឹងឈានទៅរកការលប់បំបាត់ឱសថក្លែងក្លាយ ការលប់បំបាត់ពេទ្យនៅតាមភូមិ ដែលគ្មានក្រមសីលធម៌ គ្មានចំណេះដឹងត្រឹមត្រូវ នឹងឈានទៅរកការកាត់បន្ថយគ្រោះថ្នាក់ដល់ អាយុជីវិត និងកាត់បន្ថយភាពក្រីក្រ ព្រោះការផ្តល់សេវានេះមិនតម្រូវឲ្យធ្វើការបង់ប្រាក់នោះឡើយ លើសពីនេះទៅទៀត ការងៀកមកទទួល យកសេវាព្យាបាលរបស់រដ្ឋ ចំណាយថវិកាតិចជាង ការទទួលយកសេវាឯកជនផងដែរ ។