ឯកឧត្តម ញឹក បានខេង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផែនការណែនាំស្តីពី បុណ្យជាតិ-អន្តរជាតិ សម្រាប់ខេត្តកំពង់ធំ

239

នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំផែនការណែនាំស្តីពី បុណ្យជាតិ-អន្តរជាតិ ក្រោមអធីបតីភាព ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ផងដែរ ។

មានប្រសាសន៍សំណាលក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ញឹក បានខេង លើកឡើងថា សម្រាប់ខេត្តកំពង់ធំ មានកម្មវិធីបុណ្យជាតិ-អន្តរជាតិ ដែលអាជ្ញាធរខេត្តត្រូវរៀបចំប្រារព្ធធ្វើរួមមាន ពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក, រៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន, រៀបចំខួបលើកទី ២៤ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, រៀបចំខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ, ការរៀបចំទិវាសន្តិភាពអន្តរជាតិលើកទី១៥ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧, ការរៀបចំទិវាអក្ខរកម្មជាតិ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧, ការរៀបចំកាន់បិណ្ឌប្រចាំឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ឆ្នាំ២០១៧។

ឯកឧត្តមបន្ថែមទៀតថាពិធីបុណ្យដែលយើងត្រូវយកចិត្តទុកដាក់ប្រារព្ធធ្វើមុនគេនោះគឺ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ ឆ្នាំរកា ព.ស ២៥៦១ ជាបិណ្ឌ ១ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃទី១៥រោច ខែឆ្នាំដដែល ជាបិណ្ឌ១៥ ហើយក្នុងនោះដែរ អាជ្ញាខេត្តបានរៀបចំកាន់បិណ្ឌនៅវត្តចំនួនបី ក្នុងនោះមាន ១). វត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្ត កំពង់ធំ) ស្ថិតនៅសង្កាត់ព្រៃតាហ៊ូ នៅថ្ងៃអង្គារ ទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ៧-៨រោច ខែភទ្របទ ២). វត្តទេពនិម្មិត (ហៅវត្ត ធម្មយុត្តិ) ស្ថិតនៅសង្កាត់កំពង់រទេះ នៅថ្ងៃពុធ ទី១៣-១៤ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ៨-៩រោច ខែភទ្របទ ៣). វត្តសីតធម្មោពោធិមង្គល (ហៅវត្ត ពោធិ៍បាក់ក) ស្ថិតនៅសង្កាត់ដំរីជាន់ខ្លា នៅថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ១២-១៣រោច ខែភទ្របទ ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងពុទ្ធបរិស័ទទំាងអស់ អញ្ជើញចូលរួម ក្នុងពិធីបុណ្យកាន់បិណ្ឌនៅពេលខាងមុខនេះ និងចូលរួមចាប់មគ្គផល តាមកម្លំាងសទ្ធាជ្រះថ្លារៀងៗខ្លួន។