ឯកឧត្តម ឌិត មុន្ទី និងឯកឧត្តម សាយ សំអាល់ រៀបចំអង្គកឋិនទានសាមគ្គី ដង្ហែរទៅកាន់វត្តដួងសូរិយា ហៅវត្តក្តីដូង

429

ដោយមានការផ្តួចផ្តើមពីឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អាជ្ញាធរខេត្ត ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទ្ធ បានរៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែរទៅកាន់វត្តដួងសូរិយា ហៅវត្តក្តីដូង ស្ថិតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។

បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ដូច្នេះគេតែងតែឃើញក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួន ហើយបើទីអារាមណាមួយ មិនមានកឋិនហែចូលទេ គឺទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមាន ត្រៃ ចីវរ សង្ឃាដិ ស្បង់ ព្រមទំាង ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម ឆ័ត្រ ជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំណត់ទុក។

បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្ត សំដៅទៅវត្តនោះ ក្នុងនោះមនុស្សប្រុសស្រី ក្មេងចាស់ តែងខ្លូន ស្លៀកសំពត់អាវថ្មីៗ បាំងក្លស់ចំរុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេក ក្នុងការហែនេះ គេមានប្រគំភ្លេងឆៃយុំាយ៉ាងពិរោះ ដែលធ្វើអោយបរិយាកាស រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង។

លុះទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ គេតំកល់អង្គកឋិនទុក នៅក្នុងសាលាបុណ្យមួយដែលគេបានរៀបចំទុកជាស្រេច រួចនិមន្ដព្រះសង្ឃឆាន់ពេលថ្ងៃត្រង់ បន្ទាប់ពីនោះ ពុទ្ធបរិសទ្ធចំណុះជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារ ដល់ភ្ញៀវ ដែលនាំអង្គកឋិនចូលមកកាន់វត្ ដរបស់ខ្លួនយ៉ាងអឹកអធឹក កក់ក្ដៅរាក់ទាក់រីករាយជាពន់ពេក លុះរសៀលជ្រេរទាបបន្ដិច គេនាំគ្នាហែអង្គកឋិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងព្រះវិហារ។ ចៅអធិការវត្ដ បានចាត់អោយភិក្ខុមួយអង្គជាអ្នកគ្រងអង្គកឋិននោះ។ ពុទ្ធបរិសទ្ធចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះ ហើយវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងកម្មវិធីបុណ្យ។