ឯកឧត្តម ប៊ុន ហុន អញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តកំពង់ធំ

93

នៅព្រឹកថ្ងៃច័ន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ធំ ឯកឧត្តម ប៊ុន ហុន លេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងឯកឧត្តម ចាន់ តារា ជាអភិបាលរងខេត្តកំពង់ធំ ជំនួសឯកឧត្តម ហួន វ៉ាន់និត ដែលត្រូវបានផ្ទេរភារកិច្ចឲ្យទៅកាន់មុខតំណែងថ្មីជាអភិបាលរងខេត្តឧត្តរមានជ័យ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ស្វាគមន៍គណៈអធិបតី និងវត្តមាន ឯកឧត្តម ចាន់ តារា ដែលបានមកបំពេញតួនាទីជាអភិបាលរងខេត្តកំពង់ធំថ្មីនាពេលនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ ការគ្រប់គ្រង ថែរក្សា ការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តហើយគណៈបញ្ជាការឯកភាពខេត្ត ក៏បានចុះបង្ក្រាបបទល្មើសផ្សេងៗ ដូចជា បទល្មើសធនធានធម្មជាតិ បទល្មើសនេសាទ ដោយមានកិច្ចសហការពីគ្រប់សមាសភាពពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម ចាន់ តារា បានឡើងធ្វើការប្ដេជ្ញាចិត្ត ខិតខំបំពេញភារកិច្ច បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកប ដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព រក្សា សាមគ្គី ភាពផ្ទៃក្នុង ឆ្លើយតបនឹងរាជរដ្ឋាភិបាល ដែលបានផ្តល់ទំនុកចិត្ត តែងតាំងឯកឧត្តមជាអភិបាលរងខេត្តកំពង់ធំ នៅពេលនេះផងដែរ។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ដែលបានខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការគ្រប់គ្រងសភាពការណ៍ក្នុងខេត្តទាំងមូលបានល្អប្រសើរ បានរួមចំណែកក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ឯកឧត្តម ក៏បានបានជំរុញដល់គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវខិតបន្តទៀត ពង្រឹងការងារ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីបង្ក្រាបរាល់គ្រប់មុខសញ្ញា ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន។ ត្រូវលើកកម្ពស់ការទទួលខុសត្រូវ របស់កងកម្លាំងសមត្ថកិច្ច ជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវខិតខំបង្ក្រាបបទល្មើសព្រៃឈើ និងជលផល ឲ្យបានជាប្រចាំ។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរតួនាទី ភារកិច្ច និងផ្តល់តំណែងក្នុងការដឹកនាំនេះ គឺដោយសារឯកឧត្តមទាំងពីរបានដល់អាណត្តិបំពេញការងាររយៈពេល០៨ឆ្នាំ ក្នុងតួនាទីជាអភិបាលរងខេត្ត ស្របតាមច្បាប់កំណត់។ គោលការណ៍នេះ គឺដើម្បីធានាឲ្យមន្ត្រីដឹកនាំនៅមូលដ្ឋានទាំងអស់ ខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាព តម្លាភាព និងរៀនសូត្រ ដកបទពិសោធន៍ក្នុងជួរមន្រ្តីដឹកនាំនៅថ្នាក់ក្រោមជាតិ ពីមូលដ្ឋានមួយ ទៅមូលដ្ឋានមួយទៀត។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់ឯកឧត្តម ចាន់ តារា ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មីនេះ ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន តាមរយៈបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍នៅរដ្ឋបាលខេត្តកំពង់ធំ របស់យើង ឲ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។