ឯកឧត្តម ព្រឹម រដ្ឋា អញ្ជើញចូលរួមបើកកិច្ចប្រជុំស្តីពី និរន្តរភាព​នៃការអនុវត្តផែនការ សកម្មភាព​យុទ្ធសាស្ត្រ​គ្រប់គ្រង​អាងស្ទឹងជីនិត និងប្រកាសបិទបញ្ចប់ គម្រោងភាពជាដៃគូនៃចីរភាព ធនធាន​ទឹកនៅកម្ពុជា

70

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និងជា​អនុប្រធាន​គណៈ​កម្មការគ្រប់គ្រងអាង​ស្ទឹងជីនិតតំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ និងជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រងអាងស្ទឹងជីនិត អញ្ជើញចូលរួមបើកកិច្ចប្រជុំស្តីពីនិរន្តរភាព​​នៃការអនុវត្តផែនការសកម្មភាព​យុទ្ធសាស្ត្រ​គ្រប់គ្រងអាងស្ទឹងជីនិត និងការប្រកាសបិទបញ្ចប់គម្រោង​ភាពជាដៃគូរចីរភាព​ធនធានទឹកនៅកម្ពុជា ដោយ​មាន​ការចូលរួមពីលោក មិន ប៊ុណ្ណារ៉ា ប្រធាន​គម្រោង​ភាពជាដៃគូនៃចីរភាព​ធនធាន​ទឹកនៅកម្ពុជា លោកអភិបាលស្រុក លោក លោកស្រីតំណាងមន្ទីរពាក់ពន្ធ័ (តាមរយៈប្រព័ន្ធ video online) ។

លោក មិន ប៊ុណ្ណារ៉ា ប្រធានគម្រោងភាពជាដៃគូរនៃចីរភាព​ធនធានទឹកនៅកម្ពុជា បានធ្វើរបាយការណ៍សង្ខេប និងរាយ​ការណ៍​អំពីគោល​បំណងសំខាន់ក្នុងកិច្ចប្រជុំ គឺចង់បង្ហាញពី​ប្រភពមូលនិធិសំខាន់ៗ​សម្រាប់គាំទ្រដល់​ការ​អនុវត្តន៍ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​អាងស្ទឹងជីនិត (មូលនិធិឃុំ ឬ ស្រុក និងខេត្ត) ព្រមទាំងការគាំទ្របច្ចេកទេស និងការទទួលខុសត្រូវពី ស្ថាប័ន​នានាជុំវិញខេត្ត ជាពិសេស​គឺការ​ធ្វើសមាហរណកម្មផែនការ​សកម្មភាពយុទ្ធសាស្ត្រនេះ ទៅក្នុងផែនការស្ថាប័ន និង​ផែនការអភិវឌ្ឍ ឃុំ ស្រុក ដែលពាក់ព័ន្ធសន្តិសុខទឹក មានន័យទូលំទូលាយ​ណាស់​សម្រាប់ការងារ​អភិវឌ្ឍន៏​លើ​គ្រប់វិស័យ​ទាំង​អស់ ជាពិសេសដើម្បីពង្រឹងសមត្ថភាព​ដល់អ្នកពាក់ព័ន្ធគ្រប់​លំដាប់ថ្នាក់ក្នុងតំបន់ទីជម្រាល ស្ទឹងជីនិត បានយល់ដឹង​កាន់​តែច្បាស់នូវអ្វីទៅជាសន្តិសុខទឹក ក៏ដូចជាការទ្រទ្រង់ដល់ដំណើរការ នៃការអភិវឌ្ឍគ្រប់​គ្រងធនធាន​ទឹកប្រកប​ដោយ​និរន្តភាព។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ព្រឹម រដ្ឋា បានថ្លែងអំណរគុណ​​ចំពោះជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការ​អភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈ អង្គការវីនរ៉កអន្តរជាតិ ក្នុងការឧបត្ថម្ភគាំទ្រដល់ គម្រោងភាព​ជាដៃគូនចីរភាពធន ធាន​ទឹកនៅកម្ពុជា អនុវត្តន៍ក្នុងតំបន់​ទីជម្រាលស្ទឹងជីនិត ខេត្តកំពង់ធំ និងសូមកោតសរសើរ ដល់មន្ទីរវិស័យជំនាញជុំវិញខេត្ត ចូលរួមពីដើម​ដល់​ចប់គម្រោង ក៏ដូចជាការខិតខំរបស់​អាជ្ញាធរខេត្តដើម្បីបន្ត​គាំទ្រដល់កិច្ចប្រតិបត្តិ ការរបស់លេខាធិការ​ដ្ឋាន​គណៈកម្មការគ្រប់គ្រង​អាងស្ទឹងជីនិតក្រោយគម្រោង​ត្រូវបានបញ្ចប់ និង បន្តអនុវត្តន៍ផែនការសកម្មភាយុទ្ធសាស្ត្រ(SAP) តាមរយៈការដាក់បញ្ចូល​ទៅក្នុងផែនការសា្ថប័ន ផែនការ​សមាហរណកម្មនៃ​កម្មវិធីវិនិយោគស្រុក និងឃុំដើម្បីជា​ផល​ប្រយោជន៍រួម​​របស់ប្រជាពល រដ្ឋក្នុងខេត្តកំពង់ធំរបស់យើងទាំងមូល។

ជាចុងក្រោយឯកឧត្តម ព្រឹម រដ្ឋា បានផ្ដាំផ្ញើដល់មន្ត្រីជំនាញ​ពាក់ព័ន្ធ នៃគណៈកម្មការគ្រប់គ្រង​អាងស្ទឹងជីនិតទាំងអស់ សូម​មេត្តាយកចិត្ត​ទុក​ដាក់អោយបានខ្ពស់បំផុត និងចូលរួមកិច្ចពិភាក្សា​បញ្ចេញមតិយោបល់​​​អោយបានផុសផុល​ប្រកបដោយ​ភាព​រលូន ផ្លែផ្កា និង មានប្រសិទ្ធភាពខ្ពស់ ពីព្រោះលទ្ធផលនៃកិច្ចពិភាក្សា​​នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ ការងារ​បន្ត​បន្ទាប់ទៀតក្នុងការកៀរគរ​ធនធាន​ក៏ដូចជា​ការចូលរួមពីភាគីដែលពាក់ព័ន្ធ​អនុវត្តន៍ផែនការសកម្មភាពយុទ្ធសាស្ត្រដើម្បីលើក​កម្ពស់ សន្តិសុខទឹកសម្រាប់​​ប្រជាពលរដ្ឋក្នុងតំបន់ទីជម្រាល ស្ទឹងជីនិតនៃខេត្តកំពង់ធំ​របស់​យើង​អោយបានកាន់តែ​ល្អប្រសើរ​នាពេលអនាគត។