ឯកឧត្តម ម៉ុម ជឹមហ៊ុយ ដឹកនាំគណៈកម្មការទី៧នៃព្រឹទ្ធសភា ចុះបំពេញបេសកកម្ម សិក្សាស្វែងយល់លើទឹកដី ខេត្តកំពង់ធំ

98

រដ្ឋបាលខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធាន​គណៈកម្មការទី៧ ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូចុះបំពេញបេសកកម្ម សិក្សាស្វែងយល់ពីការវិវត្តរីកចម្រើន និងបញ្ហា​ប្រឈមនានា​ទាក់ទងនឹងវិស័យដែលគណៈកម្មការទី៧ទទួលខុសត្រូវ នៅលើទឹកដីខេត្តកំពង់ធំ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយបានការទទួលស្វាគមន៍យ៉ាង​កក់ក្តៅពី​សំណាក់ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត នឹងដោយបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញដែលពាក់ព័ន្ធក្នុងវិស័យខាងលើ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូអមដំណើរជាច្រើននាក់ទៀត។

ឯកឧត្តម សុខ លូ បានរាយការណ៍ជូនអង្គប្រជុំដោយសង្ខេបអំពីស្ថានភាពទូទៅ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាព​សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពរបស់ខេត្ត ជូនគណៈប្រតិភូ។ ឯកឧត្តមអភិបាលក៍បានបន្តថា កន្លងមកនេះ រដ្ឋបាលខេត្តកំពង់ធំបានខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួន សម្រេចបានលទ្ធផលជាវិជ្ជមាន និងមានការរីកចម្រើនជឿនលឿនជារៀងរាល់ឆ្នាំស្របតាមការនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងលទ្ធផលសម្រេចបានទាំងអស់នេះ រដ្ឋបាលខេត្តនៅមាន​កិច្ចការងារជាច្រើនទៀតដែលត្រូវអនុវត្ត និងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដែលនៅខ្វះ​សណ្ឋាគារទំនើបៗ សេវាម្ហូប អាហារ ដែលមានលក្ខណៈស្ដង់ដារ និងវិស័យអប់រំដែលនៅខ្វះខាតសាលារៀន និងគ្រូបង្រៀន ដែល ទាមទារឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តចូលរួមដោះស្រាយ ឲ្យស្របតាមកម្មវិធីនយោបាយ​និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ការអភិវឌ្ឍរបស់ខេត្ត ឲ្យបានកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ គណៈកម្មការទី៧ នៃព្រឹទ្ធសភា ដែលបាន​យកចិត្តទុកដាក់ចុះបំពេញបេសកកម្មនៅខេត្តកំពង់ធំនាពេលនេះ ដើម្បីស្វែងយល់អំពីការវិវត្តរីក ចម្រើន និងបញ្ហាប្រឈមផ្សេងៗ ទាក់ទងនឹងវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍​ដែលគណៈកម្មការទី៧ នៃព្រឹទ្ធសភា ទទួលខុសត្រូវ ក៏ដូចជាស្ថានភាពទូទៅនៃការរីកចម្រើន​លើគ្រប់វិស័យ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។

ជាកិច្ចបន្ត ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា បានកោតសរសើរ ដោយបាន​វាយតម្លៃ​ខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធនានា ដែលខិតខំប្រឹងប្រែងក្នុងការដឹកនាំ ធ្វើឱ្យខេត្តកំពង់ធំ មានការរីកចម្រើន ដែលបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើង។ ឯកឧត្តម​ក៏បាន​បញ្ជាក់ថា កិច្ចប្រជុំនេះមិនមែនជាការដេញដោលអ្វីនោះទេ ពោលគឺគណៈកម្មការទី៧ មានបំណង​ចង់ស្វែងយល់ ស្ដាប់បញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីពិភាក្សា រកដំណោះស្រាយពីបញ្ហា ប្រឈមទាំងនោះ ក្នុងន័យបម្រើប្រជាពលរដ្ឋ និងសង្គមឲ្យកាន់តែល្អប្រសើរ៕