ឯកឧត្តម យ៉ង់ សែម៖ ទោះបីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូលក៏ដោយ ក៏ការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានៅម្ពុជា នៅតែប្រព្រឹត្តតាមការកំណត់នៅខែកុម្ភៈ ឆ្នាំក្រោយនេះដដែល

100

ឯកឧត្តម យ៉ង់ សែម ប្រធានប្រតិភូសមាជិកព្រឹទ្ធសភា ភូមិភាគទី៨ លោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភា ភូមិភាគទី៨ ឯកឧត្តម ឈុន ឈន់ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សា ឃុំ-សង្កាត់ ដើម្បីផ្តល់នូវអនុសាសន៍ល្អៗ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះ រៀបចំក្នុងគោលបំណងដើម្បីបង្ហាញ ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សំដៅធ្វើយ៉ាងណាដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ជាពិសេស ឃុំ សង្កាត់ ដែលកន្លងមកតែងតែជួបនូវបញ្ហាប្រឈមមួយចំនួន និងទទួលយកនូវអនុសាសន៍ល្អៗ ដើម្បីអភិវឌ្ឍន៍ ឲ្យប្រសើរឡើង នៅថ្នាក់ឃុំ សង្កាត់ និងស្នើឲ្យក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរក្រុង ស្រុក ត្រូវបន្តប្រពៃណីវប្បធម៌ចែករំលែក សាម្គីភាព កិច្ចសហការគ្នាឲ្យបានល្អ ក្នុងការគ្រប់គ្រង។

ឯកឧត្តម យ៉ង់ សែម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា គឺដើម្បីឆ្លើយតបតាមកិច្ចខិតខំប្រឹងប្រែង បំពេញការងារបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិនាពេលកន្លងមក។ ឯកឧត្តបន្ថែមទៀតថា សមាជិកព្រឹទ្ធសភា ភូមិភាគទី៨ រួមមាន ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនៈគីរី និងខេត្តមណ្ឌលគីរី មាន ៦ អសនៈ។

ម្យ៉ាងវិញទៀត ដំណើរការនៃការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា ដែលគ្រោងនឹងប្រព្រឹទ្ធទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ដែលមានរយៈពេល ៦ឆ្នាំម្តង ទោះបីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូល នាពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ក៏ដោយ ក៏ការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានៅម្ពុជា នៅតែប្រព្រឹត្តតាមការកំណត់ នៅខែកុម្ភៈ ឆ្នាំក្រោយនេះដដែល។ ចំពោះការបែងចែកអាសនៈ របស់គណបក្សនយោបាយវិញ គ.ជ.ប កំពុងសិក្សាត្រួតពិនិត្យក្នុងពេលឆាប់ៗនេះ នៅបទបញ្ជា និងនីតិវិធីបន្ថែមនៃការអនុវត្តច្បាប់ ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយថ្មី ដែលទាក់ទងនឹងព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់។ ជាមួយគ្នានោះ តុលាការកំពូលរបស់កម្ពុជា ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ ផងដែរ។