ឯកឧត្តម សុខ លូ ចុះពិនិត្យទីតំាងតំបន់​ប្រាសាទសំបូរព្រៃគុក សម្រាប់ត្រៀមរៀបចំពិធីសែនព្រេនសុំសេចក្តីសុខ និងអបអរសាទរ ប្រាសាទសំបូរព្រៃគុក

265

នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារអន្តរក្រសួង បានចុះពិនិត្យទីតំាងនៅតំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីត្រៀមរៀបចំពិធីសែនព្រេនសុំសេចក្តីសុខ និងអបអរសាទរប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវប្រារព្ធធ្វើនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ និងសូមអំពាវនាវ ជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជនរួមជាតិ និងអន្តរជាតិ អញ្ជើញចូលរួមទស្សនាប្រាសាទបុរាណជាច្រើន ក្នុងនោះក៏មានការសំដែងសិល្បៈ លេងល្បែងកំសាន្ត និងទស្សនាភូមិគួយជាដើម ។

តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត ។ ប្រាសាទនេះ ជារាជធានីចាស់បុរាណឈ្មោះថា ឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម ។

 

ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ។

សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩:៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Kraków (ក្រាកូវ) ប្រទេសប៉ូឡូញ