ឯកឧត្តម សុខ លូ ជុំរុញដល់កម្លាំងប្រដាប់អាវុធទាំងបី ខិតខំពង្រឹងកិច្ចសហការគ្នា រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

54

(រដ្ឋបាលខេត្តកំពង់ធំ)÷ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជុំរុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបី សូមខិតខំពង្រឹងកិច្ចសហការគ្នា រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានដាច់ខាត ដោយមិនទុកឲ្យជនអគតិ ឆ្លៀតឱកាសធ្វើសកម្មភាព បង្កចលាចល បំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើយ។

លើសពីនេះទៀត ឯកឧត្តម បន្តទៀតថា កន្លងមកបទល្មើសនេសាទនៅតែកើតមានឡើងនៅតំបន់មួយចំនួនទោះបីយើងខិតខំបង្ក្រាបពីមុនមកក៏ដោយ ដូច្នេះសូមមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវសហការគ្នាខិតខំបង្ក្រាបបទល្មើសនេសាទនេះឲ្យបាន ត្រូវធ្វើដូចភ្លៀងរលឹម។ ម្យ៉ាវិញទៀត ចំពោះបញ្ហាដីធ្លី ឯកឧត្តម បានស្នើឲ្យលោកអភិបាលក្រុង-ស្រុក ត្រូវធ្វើបញ្ជីអទិភាពទំនាស់ដីធ្លីទាំងអស់អោយបានទាន់ពេលវេលា ដើម្បីទប់ស្កាត់កុំអោយមានបទល្មើស និងអ្នកកាប់ទន្ទ្រានយកដីព្រៃ បឹង ត្រពាំង រំលោភយកធ្វើជាកម្មសិទ្ធឯកជន និងចូលរួមទប់ស្កាត់ការសាងសង់សំណង់ស៊ីវិលខុសច្បាប់បែបអនាធិបតេយ្យ ជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានស្នើកម្លាំងនគរបាលចរាចរផ្លូវគោក ត្រូវកំណត់ទីតាំងច្បាស់លាស់ ដើម្បីធ្វើការត្រួតពិនិត្យដល់អ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព និងអ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ជាពិសេស សូមរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានលើកឡើងអំពីការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅបរិវេណស្តាតថ្មី ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការរៀបចំឲ្យមានស្តង់តាំងពិព័រគ្រប់មន្ទីរអង្គភាពឲ្យបានស្រស់ស្អាត និងពិធីសិតរូបសំណាក់ អាចារ្យលាក់ នៅថ្ងៃទី ៥-៦ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះ នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។