ឯកឧត្តម សុខ លូ ជួបសំណេះសំណាលការងារ​ជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា

47

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលការងារជាមួយ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំចូលជួបសម្ដែងការគួរសមនោះដែរ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូត បានជម្រាបជូនពីគោលបំណងនៃដំណើរទស្សនកិច្ច ក្នុងខេត្តកំពង់ធំ ផ្តោតសំខាន់ទៅលើកាពង្រឹង​ទំនាក់ទំនងចំណង មេត្រីភាព រវាងសហរដ្ឋអាមេរិក ជាមួយព្រះរាជាណាចក្រកម្ពុជា និងស្វែងយល់ពីសកម្មភាពនានា របស់អង្គការដៃគូ ដែលបានគាំទ្រជំនួយដោយសហរដ្ឋអាមេរិក។ លើសពីនេះទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់​រដ្ឋបាលខេត្តកំពង់ធំ ដែលតែងតែបង្កលក្ខណៈ និងសហការល្អ ជាមួយអង្គការនានា ដែលបានធ្វើសកម្មភាព ក្នុងខេត្តកំពង់ធំ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក ហើយ ឯកឧត្តម ក៏មានការពេញចិត្ត និងបានធ្វើការ​កោតសរសើរដល់ដៃគូ អនុវត្តន៍គម្រោងនានា ដូចជា៖ គម្រោងការការពារធនធានធម្មជាតិ ការផ្តល់អាហារូបត្ថម្ភ​តាម​សាលារៀន ការអនុវត្តន៍សួនបន្លែកសិកម្ម…….ជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តម សុខ លូ បានសំណូមពរឲ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត បន្តជួយដល់គាំទ្រដល់សកម្មភាព អនុវត្តន៍គម្រោងនានា របស់អង្គការដៃគូ ក្នុងខេត្តកំពង់ធំ និងស្នើសុំជួយដល់ការគាំទ្រ​លើវិស័យទឹកស្អាត ព្រមទាំង វិស័យអាទិភាពនានា​មួយចំនួនទៀត ជាពិសេស គឺស្នើសុំជួយទាក់ទាញក្រុមហ៊ុនវិនិយោគនានា របស់សហរដ្ឋអាមេរិក មកធ្វើការវិនិយោគ ក្នុងខេត្តកំពង់ធំ ផងដែរ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានឯកភាពបន្តជួយគាំទ្រ ដល់សកម្មភាពដៃគូនានា ដែលបានអនុវត្តន៍កន្លងមក។ ដោយឡែកសំណូមពរក្រៅពីនោះ នឹងយកទៅពិនិត្យ និងពិភាក្សាបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលរួមក្នុងវេទិកា​ប្រជុំពិភាក្សា​ជាមួយ​ក្រុមហ៊ុនធំៗចំនួន១៧ មកពីសហរដ្ឋអាមេរិក ដែលវិនិយោគលើវិស័យកសិកម្ម ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនា ថ្ងៃទី០៦ខែកុម្ភ:ឆ្នាំ២០២០ ខាងមុខនេះ។

ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ក្រៃលែង។
CAMBODIA🇰🇭🇰🇭🇰🇭🤝🤝🤝USA🇺🇸🇺🇸🇺🇸