ឯកឧត្តម សុខ លូ ជំរុញដល់អាជ្ញាធរក្រុងស្រុក និងស្ថាប័នពាក់ព័ន្ធ សូមខិតខំរួមគ្នា​ដោះស្រាយ​បញ្ហានិងសំណូមពររបស់ប្រជាពលរដ្ឋ មិនត្រូវកន្ទេលធំ​បន្លំដេកធ្វើបាបប្រជាពលរដ្ឋនោះទេ

6

(រដ្ឋបាលខេត្តកំពង់ធំ): នារសៀលថ្ងៃទី ២៩ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជា​​ប្រធាន​គណៈ​បញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត អញ្ជើញ​ដឹកនាំកិច្ចប្រជុំប្រចាំខែ​​របស់គណៈ​​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ ដើម្បី​ត្រួត​ពិនិត្យ និងពង្រឹងការអនុវត្តការងាររបស់គណៈ​បញ្ជាការឯកភាពក្រុងស្រុក កន្លងមក ជាពិសេសបញ្ហាកូវីដ១៩ បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើស​នានាគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន​ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានស្នើរឲ្យ​អាជ្ញាធរក្រុងស្រុក រួមទាំងស្ថាប័ន​​ពាក់ព័ន្ធទាំងអស់ ត្រូវខិតខំរួបរួម​​សហការ សាមគ្គីភាព ខិតខំដោះស្រាយបញ្ហា និងសំណូមពររបស់​ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ទោះបីនៅ​ក្នុង​សម័យ​​កាលកូវីដ១៩ក៏ដោយ ហើយមិនត្រូវការពារ​អ្នកខុសច្បាប់ ដោយកន្ទេលធំបន្លំដេក ទៅធ្វើបាបប្រជាពលរដ្ឋនោះទេ។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានជម្រុញដល់​អាជ្ញាធរក្រុងស្រុក​ត្រូវតែ​សកម្មចុះ​ទៅធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​វិធាន​ការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលនឹងគោរព​​តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានគ្រប់ច្រកល្ហកទាំងអស់ ព្រមទាំងពិនិត្យមើលទីតាំង​ថ្មីដើម្បីត្រៀមធ្វើជា​មណ្ឌលធ្វើចត្ដឡីស័ក និងជាមណ្ឌលសម្រាប់​ព្យាបាល​​អ្នកឆ្លងជំងឺកូវីដ១៩កម្រិតស្រាលផងដែរ។

បន្ថែមលើសពីនេះ ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរក្រុងស្រុក ត្រូវចុះពិនិត្យមើលនៅអាហារដ្ឋាន កន្លែងលក់ដូរ តូច ធំ ទាំងអស់ ការលក់ដូរត្រូវតែវេចខ្ចប់ ដោយមិនអនុញ្ញាតឱ្យដាក់កៅអីទទួលភ្ញៀវនោះទេ។ លើសពីនេះទៀតនៅតាម រង្គសាល ក្លឹបកំសាន្ត ខារ៉ាអូខេ មិនអនុញ្ញាតឲ្យដំណើរការនោះដែរ។