ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា និងការត្រៀមរៀបចំពិធី​អភិសេករូបសំណាក លោកតាអាចារ្យលាក់ និងរូបសំណាក អ្នកតាក្រហម ក

39

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត នាព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការ​ត្រៀម​រៀបចំពិធីអភិសេករូបសំណាក លោកតាអាចារ្យលាក់ និងរូបសំណាក អ្នកតាក្រហមក នៅពេល​ខាងមុខនេះ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ខិតខំអនុវត្តនូវ​គោលនយោបាយ​ភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាបាននូវ បញ្ហាសន្តិសុខ​សណ្តាប់​ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ ក៏បានកោតសរសើរ និងលើកឡើងអំពីបញ្ហាបទល្មើសផ្សេងៗ ដែល​មន្ត្រីជំនាញ​បានខិតខំ​ប្រឹងប្រែងបង្ក្រាបកន្លងមក និងសូមខិតខំធ្វើកិច្ចការនេះបន្តទៀត ជាពិសេសមន្ត្រីជំនាញ​សូមខិតខំពិនិត្យមើលបញ្ហាដែលអ្នកសារព័ត៌មានធ្វើការចុះផ្សាយបញ្ហាកន្លងមកនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រសិន​បើជាការពិត សូមខិតខំបង្ក្រាប និងធ្វើការបកស្រាយ ធ្វើការឆ្លើយតប ជៀសវាងនូវការ​ផ្សព្វផ្សាយ​ព័ត៌មានមិនពិត ធ្វើឱ្យមានការជះឥទ្ធិពលអាក្រក់មកលើថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំ ក្រុង ស្រុក ។

លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានសម្តែងនូវការព្រួយបារម្ភចំពោះ​ការខ្វះទឹក​ធ្វើស្រែប្រាំង​របស់ប្រជាពលរដ្ឋ ព្រមទាំងបានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធខិតខំស្វែងរកដំណោះស្រាយបញ្ហាខ្វះទឹកជូន​ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងអោយអស់លទ្ធភាពដែលអាចធ្វើបាន នឹងចេះសម្របសម្រួល​ការបែងចែក​ប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព និងមានការសន្សំសំចៃខ្ពស់ ។

ចុងក្រោយឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន-វៀតណាម សូមបង្កើនការ​ប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គីភ័យនាឱកាសសែនព្រេនថ្ងៃចូលឆ្នាំប្រពៃណីចិន-វៀតណាម ខាងមុខនេះ ដែលអាចកើតមានឡើងជាយថាហេតុជាពិសេស ភ្លើងធូប ភ្លើងទាន ភ្លើងចង្ក្រាន ភ្លើងអគ្គីសនី និង ការដុតក្រដាសសែនព្រេនជាដើម សូមរក្សាគម្លាតសុវត្ថិភាព រក្សាអនាម័យ ការរស់នៅបែបកន្លងថ្មី ដើម្បីចៀសវាងនូវការឆ្លងជំងឺកូវីដ១៩ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។