ឯកឧត្តម សុខ លូ ស្នើឲ្យគ្រប់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ រួមគ្នារឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោល និងទប់ស្កាត់បទល្មើសផ្សេងៗដែលតែងតែកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

139

ឯកឧត្តម សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់នៅទូទាំងខេត្ត ទាំងមុនពេល កំឡុងពេល និងក្រោយពេលបោះឆ្នោត ដោយអាជ្ញាធរជំនាញ បានសហការយកចិត្តទុកដាក់ រក្សាបាននូវសន្តិសុខ សុវត្ថិភាព បរិយាកាសនយោបាយ ប្រកបដោយភាពស្ងប់ស្ងាត់ និងជំរុញដល់អាជ្ញាធរមូលដ្ឋាន កងកម្លំាងសមត្ថកិច្ច មន្រ្តីជំនាញ សហការគ្នាក្នុងការចាត់វិធានការចំពោះបទល្មើសនានាក្នុងវិស័យរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បទល្មើសព្រៃឈើ ជលផល និងដីធ្លី ដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តមបន្ថែមទៀតថា បញ្ហារថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ធ្វើចរាចរនៅលើដងផ្លូវជាតិលេខ៦ មានការកាត់បន្ថយច្រើន ដូច្នេះសូមក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំចូលរួមធ្វើសកម្មភាពរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យដូចភ្លៀងរលឹមបន្តទៀត ដោយអនុវត្តទៅតាមច្បាប់ឲ្យបានត្រឹមត្រូវ ចំពោះរថយន្តដឹកទំនិញសំពីងសំពោង និងដឹកអ្នកដំណើរលើសចំណុះ ការបើកបរលើសល្បឿនកំណត់ មានជាតិស្រវឹង មានសារធាតុញៀន បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលជាមូលហេតុចម្បងនាំឲ្យកើតមានគ្រោះថ្នាក់ ធ្វើឲ្យបាត់បង់អាយុជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជាដើម។

ជាមួយគ្នានោះ ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រុមការងារ និងកងកម្លំាងសមត្ថកិច្ចទាំងអស់ដែលបានខិតខំការពារដំណើរការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រកដោយភាពរលូន ទទួលបានលទ្ធផលល្អ និងមានចំនួនប្រជាជនដែលបានទៅចូលរួមបោះឆ្នោតទូទាំងប្រទេស មានចំនួន ៨៣,០២% ដោយឡែកនៅក្នុងខេត្តកំពង់ធំ ប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត មានចំនួន ៨០,៩៩% ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រ ចំនួន ៦៨.៦០% ដែលជាចំនួនអ្នកគាំទ្រដ៏ច្រើនលើសលប់សម្រាប់ខេត្តកំពង់ធំ។

ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានផ្តាំផ្ញើ ឲ្យអភិបាលក្រុងស្រុក និងមន្ទីជំនាញពាក់ព័ន្ធ ត្រូវខិតខំការពារធនធានធម្មជាតិ មានព្រៃឈើ ធនធានជលផល និងទប់ស្កាត់ការរំលោភទន្ទ្រានដីព្រៃនានាឲ្យមានប្រសិទ្ធិភាព និងបន្តថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរថែមទៀត។ ជាមួយគ្នានេះ ក៏ត្រូវខិតខំបម្រើសេវាសាធារណៈ (ទាំងសេវាតម្រូវការ និងសេវាសំណូមពរ) ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានប្រសើរឡើងថែមទៀត ព្រោះយើងជាមន្ត្រីបម្រើប្រជារាស្ត្រ មិនមែនជាចៅហ្វាយនាយរបស់រាស្ត្រនោះទេ៕