ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារចុះពិនិត្យតំបន់ប្រាសាទត្រពាំងប្រើស ស្ថិតក្នុងស្រុកសណ្តាន់

105

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពភូមិសាស្ត្រ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅប្រាសាទត្រពាំងប្រើស ស្ថិតក្នុងតំបន់ព្រៃឡង់ ឃុំសុចិត្រ និងទីទួលប្រាសាទគុក ក្នុងឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំនៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ ២០១៨ ។ ក្នុងការចុះពិនិត្យទីតាំងនោះដែរ ឯកឧត្តម សុខ លូ និងក្រុមការងារបានអញ្ជើញអុជធូប លេងភ្លេងថ្វាយ ថ្វាយគ្រឿងសក្ការៈ បួងសួងដើម្បីចម្រើនសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខាងជំនឿ និងការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថាទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ។ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចបានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេសមានសុខុដុមនីយកម្មផ្នែកសាសនា ដែលអាចឲ្យយើងទាំងអស់គ្នា មានឱកាសប្រារព្ធពិធីព្រះពុទ្ធសាសនានាពេលនេះ ការដែលយើងទាំងអស់គ្នាមានឱកាសបានជួបជុំគ្នានាថ្ងៃនេះដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍លើផ្ទៃប្រទេសបាន ធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងបានផ្តល់ឱកាសឲ្យយើងគ្រប់គ្នាបានកសាងនូវសមិទ្ធផលឡើង ដើម្បីចូលរួមធ្វើការអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ។ ក្នុងនោះដែរឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងសមត្ថកិច្ចចូលរួមថែរក្សាប្រាង្គប្រាសាទបុរាណ ដែលជាសម្បត្តិវប្បធម៌និងសមិទ្ធផលផ្សេងៗទៀត ដែលជាដួងព្រលឹងជាតិរបស់ខ្មែរយើងឲ្យបានគង់វង្សដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនា ។ គួរបញ្ជាក់ផងដែរ ចម្ងាយពីទីរួមស្រុកសណ្តាន់ទៅប្រាសាទត្រពាំងប្រើសមានប្រវែង ១២៥គីឡូម៉ែត្រស្ថិតនៅក្នុងព្រៃ៕