ឯកឧត្តម សុខ លូ ថ្លែងថា «មួកសុវត្ថិភាពមួយជួយសង្គ្រោះជីវិតមនុស្សបានម្នាក់»

82

ក្នុងពិធីចែកមួកសុវត្ថិភាព ចំនួន ៩៨មួក ជូនមន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងជំរុញឲ្យរាជការទំាងអស់ត្រូវបង្កើននូវសាមគ្គីភាព ឯកភាពផ្ទៃ ធ្វើការងារគោរពទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសរាល់ការបើកបរម៉ូតូតាមដងផ្លូវ ត្រូវពាក់មួកសុវត្ថិភាពគ្រប់គ្នា ព្រោះមួកសុវត្ថិភាពមួយជួយសង្គ្រោះជីវិតមនុស្សបានម្នាក់។

ឯកឧត្តម បន្ថែមទៀតថា «គ្រោះថ្នាក់ចរាចរ ជាឃាតករលាក់មុខដែលលបសម្លាប់អ្នកធ្វើដំណើរតាមដងផ្លូវជារៀងរាល់ថ្ងៃ ដោយសារការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។ មហន្តរាយដ៏ធំធេងនេះធ្វើឲ្យប៉ះពាល់ដល់សុខដុមរមនា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន»។ ក្នុងឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់អ្នកធ្វើដំណើរទំាងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសមន្ត្រីរាជការ និងកងកម្លំាងប្រដាប់អាវុធ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងគ្រប់ពេលវេលា ត្រូវធ្វើជាគំរូឈានមុនគេ ក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាចថែរក្សាអាយុជីវិតមនុស្ស ចំពោះអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គមឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនប្រកបដោយចិរភាព ចំពោះការបើកបរមិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត  ពេលបើកបរមិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវបើកបរដោយគោរពសិទ្ធិគ្នាយោគយល់អធ្យាស្រ័យគ្នា។

លោក ជូ កូល្លា ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា ដោយសារប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសការកើនឡើងនូវមធ្យោបាយធ្វើដំណើរដែលមានរថយន្ត ទោចក្រយានយន្ត បានធ្វើឲ្យមានការគ្រោះថ្នាក់នៅតាមដងផ្លូវ។ បញ្ហាទាំងអស់នេះត្រូវរាជរដ្ឋាភិបាលយកចិត្តដាក់ ក៏ដូចជាការចង្អុលបង្ហាញពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសារធារណៈការនិងដឹកជញ្ជូនបានផ្តល់មួកសុវត្ថិភាពសម្រាប់ចែកជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរសារធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ធំ ដើម្បីយកទៅប្រើប្រាស់សម្រាប់ជាគំរូដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ព្រោះមន្ត្រីទាំងអស់នេះជាអ្នកអនុវត្តច្បាប់៕