ឯកឧត្តម សុខ លូ នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគល់ជូនក្រុមកីឡាករអុំទូក ចំនួន ៤៣ទូក មុនពេលចេញប្រកួត

48

រដ្ឋបាលខេត្តកំពង់ធំ៖ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករអុំទូក នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនក្រុមកីឡាករអុំទូក មកពីបណ្តាក្រុងស្រុក ដែលស្នាក់នៅបីទីតាំងផ្សេងគ្នា ក្នុងក្រុងស្ទឹងសែន ដើម្បីធ្វើការប្រកកួតប្រជែងយកជ័យលាភីថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩នេះ ដោយមានទូកសរុបចំនួន ៤៣ទូក ចំណុះអុំ ១០០១នាក់ កម្លាំងបំរ៉ុង ២២២នាក់ ក្នុងនោះទូកខ្នាតវែង មានចំនួន ៦ទូក ទូកខ្នាតអន្តរជាតិ ចំនួន ១២ទូក និងទូកផ្កាចារ្យ ចំនួន ២៥ទូក។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានផ្តាំផ្ញើដល់លោកអភិបាលក្រុងស្រុក ដែលបាននាំទូកយកមកចូលរួម ប្រកួត នៅពេលនេះ ត្រូវយកចិត្តទុកដាក់ដល់ចំណុះទូករបស់ខ្លួន ព្រមទាំងបានអំពាវនាវក្រុមកីឡាករទាំងអស់ ត្រូវទទួលទាន អារហារឲ្យបានត្រឹមត្រូវ ហូបស្អាត ផឹកស្អាត ដោយរក្សានូវអនាម័យ គោរពវិន័យជាអ្នកកីឡាករ កុំសេពគ្រឿងស្រវឹង ស្តាប់តាមការណែនាំរបស់អ្នកដឹកនាំក្រុម ត្រូវចេះថែរក្សាសុវត្តិភាពរបស់ខ្លួន រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង មិនត្រូវ បង្កជម្លោះជាមួយមិត្ត ក្រុមកីឡាករដទៃនោះទេ ការប្រកួតប្រជែង រឿងឈ្នះចាញ់ ជារឿងធម្មតា មិនមែនយកឈ្នះចាញ់ ស្លាប់រស់នោះទេ។

ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយចែកជូនដល់កីឡាករអុំទូកស្នាក់នៅទាំងបីទីតាំង រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ សាច់ជ្រូក បន្លែ អាវ មួក ព្រមទាំងថវិកាមួយចំនួន ដើម្បីត្រៀមទុកបម្រុងបរិភោគ សម្រាប់ការប្រកួតក្នុងពិធីប្រណាំងទូក និងបណ្ដែតប្រទីប៕

សូមបញ្ជាក់ថាៈ ពិធីប្រណាំងទូកទាំងពីថ្ងៃនេះ ចាប់ផ្តើមអុំនៅពេលរសៀល ហើយនៅពេលរាត្រីក៏មានកម្មវិធីប្រគុំតន្ត្រី បណ្តែតប្រទីប បាញ់កាំជ្រួច ព្រមទាំងការតំាងពិព័ណ៌ផងដែរ។