ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ ចំនួន ៩៧នាក់ នៅខេត្តកំពង់ធំ

134

ឯកឧត្តម សុខ លូ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស ២០១៧ បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ គ្រួសារអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៩៧នាក់ នៅសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកស្រី ខ្លូត វណ្ណារ៉ា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងសែន បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពអ្នកផ្ទុកមេរោគអេដស៍សរុបចំនួន ៩៧នាក់ ស្រី ៧៣នាក់ ក្នុងនោះ ក្រុងស្ទឹងសែន ៤៤នាក់ ស្រី ៣៣នាក់ ស្រុកសន្ទុក ២០នាក់ ស្រី ១៥នាក់ និងស្រុកកំពង់ស្វាយ ៣៣នាក់ ស្រី ២២នាក់ ដែលកំពុងមានជីវភាពជួបការលំបាកផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសុខភាព ទាំងការព្យាបាល និងការបង្ការទប់ស្កាត់ជំងឺអេដស៍ ដោយធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលសូន្យបី គឺសូន្យការចម្លងថ្មី សូន្យការរើសអើងអ្នកជំងឺ និងអ្នកផ្ទុកមេរោគអេដស៍ សូន្យការស្លាប់ដែលទាក់ទងនឹងជំងឺអេដស៍។ ឯកឧត្តមបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅ បញ្ឈប់ការចម្លងមេរោគអេដស៍ នៅឆ្នាំ២០២០ ហើយក្នុងរយៈពេល២៦ឆ្នាំ កន្លងមកនេះ ប្រទេសកម្ពុជាធ្លាប់មានការរីករាលដាលមេរោគអដស៍ នៅឆ្នាំ១៩៩៨។

សមិទ្ធផលនៃយុទ្ធនាការរួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ដែលបានគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់បានដោយជោគជ័យ ហើយបានបញ្ចៀសមនុស្សរាប់សែននាក់ ឲ្យរួចផុតពីការចម្លងមេរោគអេដស៍ និងការបង្កើនអាយុកាល ដល់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ ដែលកំពុងតែរស់នៅ ជាមួយមេរោគអេដស៍ ព្រមទាំងបានលើកស្ទួយគុណភាពជីវិតគ្រួសារ ដែលទទួលរងនូវផលប៉ះពាល់ នៃមេរោគអេដស៍ ឲ្យមានក្តីសង្ឃឹម និងការរស់នៅក្នុងភាពថ្លៃថ្នូរស្មើមុខស្មើមាត់ ដូចប្រជាពលរដ្ឋទូទៅ។

ឯកឧត្តម ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានដាស់តឿនក្រើនរំលឹក ដល់អ្នកចូលរួមទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពារខ្លួន កុំឲ្យឆ្លងមេរោគនេះជាដាច់ខាត ត្រូវប្រុងប្រយ័ត្ន និងចងចាំថាការការពារ គឺចាប់ផ្តើមពីខ្លួនឯងផ្ទាល់។ ក្នុងពិធីនេះដែរ ក៏មានការចែកជូនអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ៩៧នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេះ ឃីត ១កញ្ចប់ ត្រីខ ១០កំប៉ុង និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕