ឯកឧត្តម សុខ លូ បន្តចុះជួបប្រជាពលរដ្ឋ​មានការខ្វះខាត និងបងប្អូនពលករ​ដែលទើបត្រឡប់មក​ពីបរទេសនៅតាមខ្នងផ្ទះ ដើម្បីណែនាំបន្ថែមពីជំងឺរលាកផ្លូវដង្ហើម កូវីដ-១៩

34

(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បន្តចុះជួបប្រជាពលរដ្ឋមានការខ្វះខាត និងបងប្អូនពលករដែលទើបត្រឡប់មកពីបរទេសនៅតាមខ្នងផ្ទះ នៅស្រុកប្រាសាទ បល្ល័ង្ក និងស្រុកកំពង់ស្វាយ ដើម្បីណែនាំបន្ថែមពីជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩​​ ព្រមទាំង​សំណូមពរដល់​បងប្អូន​ពលករមកពីបរទេស បន្តរស់នៅដាច់ដោយឡែករយ:ពេល ១៤ថ្ងៃ ដើម្បីសុខភាព​គ្រួសារ និងសង្គមជាតិយើងទាំងមូល។

ថ្លែងក្នុងពិធីចុះជួបនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាព និងអនាម័យ ដោយលាងដៃនឹងសាប៊ូ ឬទឹកអាល់កុល ឲ្យបានញឹកញាប់ មុននឹងញាំ​ចំណី​អាហារ ជាពិសេសបងប្អូនពលករដែលត្រឡប់ពីបរទេស ត្រូវរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បី​ទប់ស្កាត់​ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាតត្បាតក្នុងមូលដ្ឋានរបស់យើង ស្របតាមសេចក្តី ជូនដំណឹង​របស់​ក្រសួងសុខាភិបាល។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំធ្វើការប្រមូលផ្តុំ និងជួបជុំគ្នាជាក្រុមធំ ជាពិសេសអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងរស់នៅប្រចាំថ្ងៃ និងកុំធ្វើដំណើរឆ្លងកាត់ភូមិមួយទៅភូមិក្នុងករណីមិនចាំបាច។ ឯកឧត្តមបញ្ជាក់ទៀតថា ពលករចំណាកស្រុក​មកកាន់មាតុប្រទេសក្នុងខេត្តកំពង់ធំសរុបនាពេលបច្ចុប្បន្ន មានចំនួន ៣.៣៣៣នាក់។ ហើយក្នុងចំណោម​ប្រជាពលរដ្ឋ​ទាំងអស់ក្នុងខេត្ត បានបញ្ជូនកំហាកទៅពិនិត្យ ស្វែងវីរុសកូវីដ១៩ មានចំនួន១៧កំហាក ជាលទ្ធផលអវិជ្ជាមានទាំងអស់៕