ឯកឧត្តម សុខ លូ បន្តនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២៥១គ្រួសារ ក្នុងស្រុកសណ្តាន់

54

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលកំពង់ធំ និងជាប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចុះសាកសួសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋចំនួន ២៥១គ្រួសារ ជាជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រានិង ជនងាយរងដែល​មានជីវភាពខ្វះខាត នារសៀលថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឆ្លៀតក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម សុខ លូ ថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​​សម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយ​មិនមានការកាន់នូវនិន្នាការនយោបាយ ព័ណសម្បុរ ឬជាតិសាសន៍ឡើយ ដែលកំពុងមានជីវភាពខ្វះខាត នៅគ្រប់​​ទីកន្លែង​ទាំងអស់ ទីណាមានទុក្ខលំបាក ទីកន្លែងនោះ តែងតែមានកាកបាទក្រហមកម្ពុជា​ចុះជួយជានិច្ច។

ឯកឧត្តមបន្ថែមទៀតថា អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ គឺបានមកពីការប្រារព្ធធ្វើទិវា ៦ ឧសភា របស់កាកបាទក្រហមកម្ពុជា ដើម្បីគៀងគរថវិកា ពីសប្បុរជន អង្គភាព ក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល ជាដើម។ លើសពីនេះទៀត ឯកឧត្តម បានផ្តាំផ្ញើរដល់ពុកម៉ែបងប្អូន សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ មានអនាម័យ​ល្អក្នុង​ការរស់នៅ​ប្រចាំថ្ងៃ សម្អាតបរិស្ថានជុំវិញផ្ទះ បរិភោគអាហារដែលមានជីជាតិ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ខិតខំបង្កបង្កើនផលទៅតាមមុខរបរជំនាញរៀងៗខ្លួន ជាពិសេសត្រូវចិញ្ចឹមសត្វ និងដំាដំណាំងរួមផ្សំ បន្លែបង្ការជុំវិញផ្ទះ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយកម្រិត។ ជាងនេះទៅទៀត សូមចូលរួម​គោរព​ច្បាប់ចរាចរណ៍ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងអប់រំកូនចៅត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។

គួរជម្រាបថា អំណោយមនុស្សធម៌ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចែកជូននៅពេលនេះ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង អាវយឺត ២៕