ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ៗ ទៅលើមន្ត្រីជំនាញគ្រប់រូបកា​របង្ក្រាបមិនមែនយកប្រជាជន​ធ្វើជាសត្រូវទេ បង្ក្រាបត្រូវមើលគ្រប់​កាលៈទេសៈថ្លឹងថ្លែង អនុវត្តតួនាទីអោយបានត្រឹមត្រូវ

37

(រដ្ឋបាលខេត្តកំពង់ធំ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាល​ខេត្តកំពង់ធំ បានថ្លែងថាសង្កត់ធ្ងន់ៗ ទៅលើមន្ត្រីជំនាញគ្រប់ស្ថាប័នជុំវិញខេត្តថា មន្ត្រីជំនាញគ្រប់រូប ការ​បង្ក្រាប​មិនមែនយកប្រជាជនធ្វើជាសត្រូវទេ បង្ក្រាបត្រូវមើលគ្រប់កាលៈទេសៈថ្លឹងថ្លែង អនុវត្តតួនាទីអោយបាន​ត្រឹមត្រូវ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងបន្តថា ការធ្វើរបាយការណ៍ និងការពិនិត្យរបាយការណ៍ បើយើងមិនបានចុះពិនិត្យជាក់ស្តែងទេ នៅពេលគេថាតាំងមានចិត្ត ខ្លួនយើងជាមន្ត្រីជំនាញត្រូវអនុវត្ត និងភារកិច្ច​ខ្លួនឯង មិនត្រូវរំលោភលើភារកិច្ច ឬតួនាទីមន្ត្រីជំនាញផ្សេងឡើយ ។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា សម្រាប់ឆ្នាំ២០២០ កន្លងទៅនេះ ការងារបង្កបង្កើនផលអនុវត្តបានសរុបចំនួន ២៩០.៣៤៨ហិកតា ក្នុងនោះស្រូវរដូវ​វស្សា​លើ​ផ្ទៃដីចំនួន ២២៤ ៨៩៣ ហិកតា និងស្រូវរដូវប្រាំងលើផ្ទៃដីចំនួន ៦៥.៤៥៥ហិកតា ទិន្នផលជាមធ្យមប្រមាណ ៣.០៦៧ តោន/ហិកតា បរិមាណផលស្រូវទទួលបាន ៨៥៤.២៣៨តោន ។ ការចិញ្ចឹមសត្វ និងតម្រូវការស្បៀងនៅទូទាំង ខេត្ត គឺនៅមានអតិរេក ជាស្រូវ ចំនួន ៥៨៨.៧៦៤តោន បើគិតជាអង្ករចំនួន ៣៧៦.៨០៩តោន ដែលនៅសល់សម្រាប់ផ្គត់ផ្គង់ ភ្ញៀវទេសចរណ៍ និងការនាំចេញទៀតផង ។
ដំណាំ​កៅស៊ូ​សរុបចំនួន ៦១.៧៨៦.៤៣ហិកតាផ្ទៃដីចៀរជ័រសរុបចំនួន ៤១.០៥៥.៤៨ហិកតា និងផ្ទៃដីចុះ​បញ្ជី​សរុបចំនួន ៦២.១៧៦.៤១ ហិកតា ។ ដំណាំកសិឧស្សាហកម្មដែលមានសក្តានុពល នៅក្នុងខេត្តក្រៅពីកៅស៊ូ មានដំណាំ ស្វាយចន្ទីចំនួន ៩០.៩៥៩ហិកតា ដំឡូងមី ចំនួន ៥៣.៣៨៥ហិកតា និងស្វាយកែវល្មៀតចំនួន ៨ ៧៧១ហិកតា។ កសិដ្ឋានចិញ្ចឹមសត្វសរុបចំនួន ៥៦កន្លែង ក្នុងនោះ កសិដ្ឋានចិញ្ចឹមជ្រូក ១៨កន្លែង កសិដ្ឋានចិញ្ចឹមមាន់ ២៧កន្លែង និងកសិដ្ឋានចិញ្ចឹមទា ១១កន្លែង បានបង្កើតឡជីវឧស្ម័នសរុបចំនួន ០៤ឡ ស្រុកបារាយណ៍ ០១ឡ ស្រុកតាំងគោក ០១ឡ និង ស្រុកសណ្តាន់ ០២ឡ ។ ដោយឡែក​ការងារ​បង្កាត់​សិប្បនិមិត្តគោ​សរុប ៥៤ក្បាល បានជោគជ័យ ចំនួន ៤៦ក្បាល ។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបន្ថែមថា ចំពោះខណ្ឌរដ្ឋបាលព្រៃ ឈើបានរៀបចំរុក្ខទិវាថ្នាក់ខេត្ត លើផ្ទៃដី ០៣ហិកតា ដាំកូនឈើសរុបចំនួន ១ ២០០ដើម (នាងនួន ៣០០ដើម បេង ៣០០ដើម ខ្ទង់ ៣០០ដើម និងក្រញូង ៣០០ដើម) អ្នកចូលរួមសរុបចំនួន ៦០០ នាក់ នៅសហគមន៍​ព្រៃឈើ​អូរក្រញ៉ាក ស្ថិតក្នុងភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ៕